ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេស ស្នើឱ្យមានការស៊ើបអង្កេតឯករាជ្យលើឧប្បត្តិហេតុផ្ទុះមីន ធ្វើឱ្យទាហានថៃមួយចំនួនរងរបួស

    BY soknita November 15, 2025
    មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេស ស្នើឱ្យមានការស៊ើបអង្កេតឯករាជ្យលើឧប្បត្តិហេតុផ្ទុះមីន ធ្វើឱ្យទាហានថៃមួយចំនួនរងរបួស

    យោងទៅតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេស ស្នើឱ្យមានការស៊ើបអង្កេតឯករាជ្យលើឧប្បត្តិហេតុផ្ទុះមីន ធ្វើឱ្យទាហានថៃមួយចំនួនរងរបួស។ ទាក់ទិននឹងឧប្បត្តិហេតុផ្ទុះមីន ដែលបានធ្វើឱ្យទាហានថៃមួយចំនួនរងរបួស កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ថ្មីៗនេះលោកជំទាវ អ៊ាត សោភា រដ្ឋលេខាធិការប្រចាំការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានគូសបញ្ជាក់ថា ឧប្បត្តិហេតុនេះគួរមានការស៊ើបអង្កេតឯករាជ្យ ដោយពុំគួរអនុញ្ញាតឱ្យរឿងនេះ ធ្វើឱ្យខូចដល់ដំណើរការស្ដារសន្តិភាពនោះទេ។

    ថ្លែងនៅក្នុងបទបង្ហញជូន អង្គទូតបរទេស អំពីការវិវត្តថ្មីៗនៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ម្សិលមិញនេះ មន្ត្រីជាន់ខ្ពស់ខាងលើ បានសម្តែងការសោកស្តាយ ដែលមានទាហានថៃរងរបួស និងបានគូសបញ្ចាក់ថា ឧប្បត្តិហេតុនេះ បានកើតឡើងនៅជិតប្រាសាទព្រះវិហារ ដែលជាតំបន់គេស្គាល់យ៉ាងច្បាស់ថា ពោរពេញទៅដោយមីន ដែលបន្សល់ពីសង្គ្រាមស៊ីវិលកម្ពុជាកាលពីទសវត្សរ៍ឆ្នាំ១៩៨០។

    ឆ្លៀតនាឱកាសនោះ លោកជំទាវ បានបដិសេធដាច់អហង្ការនូវរាល់ការចោទប្រកាន់ថា កងកម្លាំងកម្ពុជាបានដាក់មីនថ្មី។

    លោកជំទាវរដ្ឋលេខាធិការប្រចាំការ អ៊ាត សោភា ក៏បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តឥតងាករេរបស់កម្ពុជា ក្នុងការអនុវត្តយ៉ាងពេញលេញនូវកិច្ចព្រមព្រៀងឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមទីក្រុងគួឡាឡំពួ ស្ដីពីការដោះស្រាយជម្លោះដោយសន្តិវិធី ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី ២៦ ខែតុលា ឆ្នាំ  ២០២៥ ដោយនាយករដ្ឋមន្ត្រីកម្ពុជា និងថៃ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: