ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំពិព័រណ៍ការងារ ផ្ដល់ឱកាសការងាររាប់ម៉ឺនកន្លែងដល់អតីតពលករមកពីប្រទេសថៃ នៅខេត្តបាត់ដំបង

    BY Nisaiy KN November 16, 2025
    សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំពិព័រណ៍ការងារ ផ្ដល់ឱកាសការងាររាប់ម៉ឺនកន្លែងដល់អតីតពលករមកពីប្រទេសថៃ នៅខេត្តបាត់ដំបង

    (បាត់ដំបង)៖ យោងតាមការចុះផ្សាយផេកផ្លូវការរបស់ បេឡាជាតិសន្ដិសុខសង្គម នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ បានឱ្យដឹងថា បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) និង ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា និងរដ្ឋបាលខេត្តបាត់ដំបង បានរៀបចំ “ពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់បងប្អូនអតីតពលករដែលត្រឡប់មកពីប្រទេសថៃ” នៅខេត្តបាត់ដំបង។

    ក្នុងកម្មវិធីនេះដែរ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីបើកពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់បងប្អូនអតីតពលករដែលត្រឡប់មកពីប្រទេសថៃ ដោយនាំយកឱកាសការងារប្រមាណជាង ១,១ម៉ឺនកន្លែង និងព័ត៌មានស្តីពីអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គម ក៏ដូចជាព័ត៌មានស្តីអំពីការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈដោយឥតគិតថ្លៃផងដែរ។

    ថ្លែងក្នុងឱកាសនោះ ឯកឧត្ដមរដ្ឋមន្ត្រី បានលើកឡើងថា ការធ្វើការងារនៅក្នុងស្រុកមានភាពល្អប្រសើរជាងការធ្វើការនៅប្រទេសថៃ ដូចជាការទទួលបានអត្ថប្រយោជន៍ ប.ស.ស. ដែលរួមមាន ការព្យាបាលជំងឺដោយឥតគិតថ្លៃពេលឈឺ ឬពេលមានគ្រោះថ្នាក់ ទទួលបានប្រាក់សោធន អាចរស់នៅជួបជុំក្រុមគ្រួសារ អាចចូលរួមពិធីបុណ្យប្រពៃណីជាតិនានា ក៏ដូចជាពិធីជួបជុំនានាផងដែរ ហើយម្យ៉ាងទៀតដោយសារយើងជាខ្មែរដូចគ្នា គឺមានភាពងាយស្រួលក្នុងការទំនាក់ទំនង និងយោគយល់គ្នា ជាពិសេសនៅកន្លែងធ្វើការតែម្តង។

    សូមបញ្ជាក់ថា កម្មវិធីពិពណ៌ខាងលើប្រព្រឹត្តទៅចំនួន២ថ្ងៃ គឺនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ធ្វើនៅវត្តថ្មគោល ជិតរង្វង់មូលថ្មគោល ស្រុកថ្មគោល និងនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ធ្វើនៅទីធ្លាសារធារណៈ ឃុំគារ ស្រុកមោងឬស្សី ខេត្តបាត់ដំបង។

    ដូច្នេះសម្រាប់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ជាពិសេសបងប្អូនពលករខ្មែរ ដែលវិលត្រឡប់មកពីប្រទេសថៃដែលកំពុងស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារ គឺអាចធ្វើការប្រឹក្សាយោបល់បានភ្លាមៗ ឬក៏អាចសាកសួរព័ត៌មានបន្ថែមតាមរយៈលេខទូរសព្ទ Hotline ១២៩៧។ ដោយឡែកសម្រាប់ចម្ងល់ផ្សេងៗពាក់ព័ន្ធជាមួយនឹងអត្ថប្រយោជន៍របបសន្តិសុខសង្គម បងប្អូនអាចទំនាក់ទំនងតាមរយៈលេខទូរសព្ទ Hotline ១២៨៦ ឬតាមបណ្ដាញសង្គមផ្លូវការរបស់ ប.ស.ស.៕

    ប្រភព៖ បេឡាជាតិសន្តិសុខសង្គម

    Share This Post: