វៀតណាម គ្រោងដាក់បញ្ចូលភាសាអង់គ្លេសជាភាសាទី២ និងជាកាតព្វកិច្ចត្រូវសិក្សានៅគ្រប់សាលារៀន ដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែងនៅលើឆាកអន្តរជាតិ
- BY
- Pheakdey
- November 17, 2025
វៀតណាម៖ ប្រទេសវៀតណាមគ្រោងដាក់បញ្ចូលភាសាអង់គ្លេសជាភាសាទី២ និងជាកាតព្វកិច្ចត្រូវសិក្សានៅគ្រប់សាលារៀនទាំងអស់នៅត្រឹមឆ្នាំ ២០៣៥ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី១៦ ខែវិច្ឆិកា។ ការសម្រេចអនុវត្តផែនការអប់រំថ្មីនេះគឺត្រូវបានធ្វើឡើងដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែងរបស់សិស្សានុសិស្សវៀតណាមនៅក្នុងឆាកអន្តរជាតិ។

យ៉ាងណាក្តី ផែនការកែទម្រង់ប្រព័ន្ធអប់រំដ៏ធំខាងលើនឹងត្រូវធ្វើជាឡើងជាច្រើនដំណាក់កាល ដោយនៅត្រឹមឆ្នាំ ២០៣០ គឺភាសាអង់គ្លេសនឹងត្រូវដាក់បញ្ចូលនៅក្នុងកម្មវិធីសិក្សា និងជាកាតព្វកិច្ចត្រូវសិក្សាចាប់ពីថ្នាក់ទី១ ឡើងទៅ ខណៈនៅថ្នាក់មត្តេយសិក្សាគ្រាន់តែអនុវត្តកម្មវិធីណែនាំឱ្យក្មេងៗចាប់ផ្តើមស្គាល់ភាសាអង់គ្លេសតែប៉ុណ្ណោះ ហើយរហូតដល់ឆ្នាំ២០៣៥ ទើបកម្មវិធីសិក្សាភាសាអង់គ្លេសជាភាសាទី២ និងជាកាតព្វកិច្ចត្រូវសិក្សាត្រូវបានអនុវត្តយ៉ាងពេញលេញគ្រប់កម្រិតនៃការសិក្សាទាំងអស់។ ប្រភពខាងលើបានបន្តថា នៅចំពោះមុននៃការអនុវត្តផែនការកែទម្រង់នេះ ប្រទេសវៀតណាមក៏កំពុងប្រឈមនឹងការខ្វះខាតគ្រូបង្រៀនភាសាអង់គ្លេសក្នុងចំនួនប្រមាណជា ២២,០០០នាក់ផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






