នាវាទេសចរណ៍ WESTERDAM របស់សញ្ជាតិ ហូឡង់ ដែលផ្ទុកភ្ញៀវទេសចរ និងនាវិកជាង ២០០០នាក់ បានចូលចតនៅកំពង់ផែស្វយ័តក្រុងខេត្តព្រះសីហនុ
(ខេត្តព្រះសីហនុ)៖ កំពង់ផែស្វយ័តក្រុងខេត្តព្រះសីហនុ បានឱ្យដឹងថា នៅថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០២៥ វេលាម៉ោង ៦:២០ ព្រឹក នាវាទេសចរណ៍ WESTERDAM របស់សញ្ជាតិ ហូឡង់ ដែលផ្ទុកភ្ញៀវទេសចរ និងនាវិកជាង ២០០០នាក់ បានចូលចតនៅកំពង់ផែស្វយ័តក្រុងខេត្តព្រះសីហនុ។

ចំពោះនាវាទេសចរណ៍ឈ្មោះ WESTERDAM របស់សញ្ជាតិ ហូឡង់ មួយនេះ មានប្រវែងបណ្តោយ ២៨៥,២២ ម៉ែត្រ ប្រវែងទទឹង ៣២,២០ ម៉ែត្រ ជម្រៅ ៨,១០ ម៉ែត្រ បានចូលចតនៅកំពង់ផែស្វយ័តក្រុងខេត្តព្រះសីហនុ ដោយសុវត្ថិភាព ក្នុងគោលបំណងមកទស្សនា ប្រទេសកម្ពុជា រយៈពេល ១ ថ្ងៃ បន្ទាប់ពីចេញដំណើរមកពីប្រទេសវៀតណាម។
សម្រាប់នាវាទេសចរណ៍នេះ មាននាវិកសរុបចំនួន ៨០៤ នាក់ (ស្រី ១៥៦ នាក់) មាន ៣៩ សញ្ជាតិ និងមានភ្ញៀវទេសចរណ៍សរុបចំនួន ១,៨៥០ នាក់ (ស្រី ៩៩២ នាក់) មាន ៤៣ សញ្ជាតិ។ ដោយឡែកចំនួនសញ្ជាតិដែលមានភ្ញៀវច្រើនជាងគេ គឺសហរដ្ឋអាមេរិក អូស្រ្តាលី និងកាណាដា ហើយនាវាទេសចរណ៍នេះ នឹងចាកចេញទៅប្រទេសថៃ នៅវេលាម៉ោង ២០:០០ នាទី នៅថ្ងៃដដែល៕





