អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ៖ ថៃកំពុងមួលបង្កាច់សភាពការណ៍ ក្រោយទាហានខ្លួនបំពានលើស្រ្តីខ្មែរ
(រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា លោកបណ្ឌិត ទូច សុឃៈ បានលើកឡើងថា ចំពោះសាធារណមតិថៃដែលចាត់ទុកករណីក្រុមទាហានឈុតខ្មៅថៃ រំលោភយុវតីខ្មែរថា ជាព័ត៌មានក្លែងក្លាយនោះ កំពុងតែមួលបង្កាច់ និងបង្វែរសភាពការណ៍ជាក់ស្តែង។

លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះបានបញ្ចេញប្រតិកម្មតបទៅស្ថាប័ន និងសាធារណមតិថៃដែលចាត់ទុកករណីក្រុមទាហានឈុតខ្មៅថៃ រំលោភយុវតីខ្មែរថា ជាព័ត៌មានក្លែងក្លាយនោះ គឺភាគីថៃកំពុងបង្វែង ដានសភាពការណ៍ និងបំភ្លៃព័ត៌មានក្លែងក្លាយដែលចេញផ្សាយយ៉ាងត្រឹមត្រូវរបស់ភាគីកម្ពុជា ។
លោកគូសបញ្ជាក់ថា សំឡេង “ការផ្សព្វផ្សាយរបស់បណ្តាញសង្គមថៃ និងបណ្តាញព័ត៌មានដែលបោះបង់ចោលវិជ្ជាជីវៈរួចទៅហើយថា ករណីកម្លាំងប្រដាប់អាវុធថៃបានចាប់រំលោភប្អូនស្រីដែលជាពលករវិលត្រឡប់មកកាន់កម្ពុជាវិញនោះថា ជាព័ត៌មានក្លែងក្លាយ ជាព័ត៌មានមិនពិត វាកំពុងតែមួលបង្កាច់សភាពការណ៍ ហើយក៏ជាការបំភ្លៃការពិតទៅលើព័ត៌មានពិតដែលកំពុងតែកើតឡើងពិតប្រាកដ និងផ្សព្វផ្សាយពិតប្រាកដចេញពីកម្ពុជាទៅ” ។
ប៉ុន្តែទោះបីជាភាគីថៃបានចោទប្រកាន់ថា ព័ត៌មាននៃការរំលោភបូកមកលើពលករជាស្រ្តីខ្មែរថា មិនពិតយ៉ាងណាក៏ដោយ លោកបណ្ឌិត ទូច សុឃៈ អះអាងថា ការពិតជាក់ស្តែងនឹងត្រូវបង្ហាញឡើងក្រោមការស៊ើបអង្កេតរបស់ក្រុមសមត្ថកិច្ចជំនាញរបស់ក្រសួងមហាផ្ទៃដែលកំពុងដំណើរការចុះស្រាវជ្រាវទៅតាមនីតិវិធីច្បាប់ ស្របតាមលក្ខណៈបច្ចេកទេសរបស់នគរបាលវិទ្យាសាស្រ្ត។
លោកបន្តថា ភាគីកម្ពុជាក៏នឹងដាក់ពាក្យបណ្តឹងទៅអគ្គស្នងការដ្ឋាននគរបាលថៃ និងអង្គការអន្តរជាតិនានាផងដែរ ជុំវិញសកម្មភាពរបស់ក្រុមទាហានរំលោភបំពានលើស្រ្តីខ្មែរ កាលពីថ្ងៃរាត្រីទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥កន្លងមក ។
ជាមួយនឹងការចោទប្រកាន់ថា ករណីរំលោភបូកលើស្រ្តីខ្មែរនេះថា ព័ត៌មានមិនពិតនោះ ត្រូវបាន លោកបណ្ឌិត ទូច សុឃៈ បញ្ជាក់ត្រឡប់ទៅភាគីថៃវិញថា តាមទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ខ្មែរ គឺគ្មានស្រ្តីណាម្នាក់បង្ខូចកេរ្តិ៍ឈ្មោះខ្លួនឯងតាមរយៈប្រឌិតព័ត៌មានថា គេចាប់រំលោភនោះទេ ។
គួរបញ្ជាក់ថា កាលពីរាត្រីថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២៥ ពលករចំណាកស្រុកជាស្ត្រីខ្មែរម្នាក់ អាយុ១៨ឆ្នាំ ត្រូវបានទាហានឈុតខ្មៅថៃ៧នាក់ ចាប់រំលោភបូកយ៉ាងព្រៃផ្សៃ នៅពេលដែលត្រឡប់ពីប្រទេសថៃមកកម្ពុជាវិញ៕

ប្រភព៖ ក្រសួងព័ត៌មាន