ចិនប្រកាសផ្អាកនាំចូលគ្រឿងសមុទ្រជប៉ុនទាំងអស់ ខណៈបញ្ហាជម្លោះការទូតកាន់តែធ្ងន់ធ្ងរឡើង
- BY
- Pheakdey
- November 19, 2025
ចិន៖ ប្រទេសចិនបានជូនដំណឹងដល់ទីក្រុងតូក្យូថា ខ្លួននឹងហាមឃាត់ការនាំចូលគ្រឿងសមុទ្រជប៉ុនទាំងអស់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី១៩ ខែវិច្ឆិកា។ ចំណាត់ការខាងលើនេះត្រូវបានគេឃើញថា គឺជាការវាយប្រហារចុងក្រោយមួយពីសំណាក់អាជ្ញាធរក្រុងប៉េកាំងទៅកាន់ប្រទេសជប៉ុននៅក្នុងជម្លោះការទូត ដែលបានកើតឡើងកាលពីពេលថ្មីៗនេះ។


គួររម្លឹកជូនថា កាលពីដើមសប្តាហ៍នេះប្រទេសចិនបានប្រកាសផ្អាកការចាក់បញ្ចាំងខ្សែភាពយន្តជប៉ុនចំនួន ២ ហើយជាការឆ្លើយតបនឹងសេចក្តីប្រកាសនេះ ស្ថានទូតជប៉ុននៅក្នុងប្រទេសចិនបានជូនដំណឹងឱ្យពលរដ្ឋជប៉ុនទាំងអស់ ដែលកំពុងមានវត្តមាននៅក្នុងប្រទេសចិនត្រូវបង្កើនការប្រុងប្រយ័ត្នចំពោះបញ្ហាសុវត្ថិភាព និងចៀសវាងទៅកាន់កន្លែងមានមនុស្សច្រើនកុះករ ដើម្បីចៀសវាងគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងដោយយថាហេតុ។ សូមបញ្ជាក់ជូនផងដែរថា វិបត្តិការទូតរវាងប្រទេសជប៉ុននិងប្រទេសចិនបានផ្តើមកើតមានឡើងក្រោយលោកស្រីនាយករដ្ឋមន្ត្រីជប៉ុន Sanae Takaichi បានថ្លែងទៅកាន់ក្រុមសមាជិកសភាជប៉ុនថា ការវាយប្រហាររបស់ចិនទៅលើតៃវ៉ាន់អាចបង្កការគំរាមកំហែងដល់អាយុជីវិតរបស់ពលរដ្ឋជប៉ុន ហើយក្នុងករណីចាំបាច់ជប៉ុននឹងធ្វើការឆ្លើយតបវិញដោយប្រើកម្លាំងយោធា៕
អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






