អន្តរជាតិ
តួលេខអ្នកបាត់បង់ជីវិតដោយសារទឹកជំនន់នៅថៃ កើនឡើងដល់ ១៧០នាក់ និង ១០២នាក់រងរបួស
BY Pheakdey
December 1, 2025
ថៃ៖ តួលេខអ្នកស្លាប់ដោយសារបញ្ហាទឹកជំនន់នៅភាគខាងត្បូងប្រទេសថៃ បានកើនឡើងដល់ ១៧០នាក់ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia ដោយគិតត្រឹមយប់ថ្ងៃអាទិត្យ ទី៣០ ខែធ្នូ។ ទន្ទឹមគ្នានេះ មានមនុស្សចំនួន ១០២នាក់ផ្សេងទៀត ត្រូវបានរាយការណ៍ថា បានរងរបួសធ្ងន់ និងស្រាលផងដែរ។

ប្រភពខាងលើបានបន្តថាថា ក្រៅតែពីបានបណ្តាលឱ្យមានមនុស្សត្រូវស្លាប់បាត់បង់ជីវិតហើយ បញ្ហាទឹកជំនន់ខាងលើនេះក៏បានបង្កផលប៉ះពាល់ដល់ពលរដ្ឋថៃប្រមាណជា ១,៩លាននាក់ ខណៈនៅក្នុងនោះមានពលរដ្ឋប្រមាណជា ៥,០០០នាក់ត្រូវបង្ខំចិត្តធ្វើការជម្លៀសខ្លួនជាបន្ទាន់ផងដែរ។ គួររម្លឹកជូនថា កាលពីសប្តាហ៍មុនរដ្ឋាភិបាលថៃបានប្រកាសផ្តល់ប្រាក់ឧបត្ថម្ភចំនួន ២លានបាត (៦២,០០០ដុល្លារ) ទៅកាន់ក្រុមគ្រួសារដែលមានសមាជិកម្នាក់បានស្លាប់ដោយសារទឹកជំនន់ ដើម្បីយកទៅរៀបចំពិធីបុណ្យសព៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia