វៀតណាម នឹងពិន័យអ្នកលក់ដែលមិនចេញវិក្កយបត្រឱ្យភ្ញៀវ ជាប្រាក់ជាង ៣,០០០ដុល្លារ
វៀតណាម៖ ប្រទេសវៀតណាមនឹងធ្វើការផាកពិន័យជាប្រាក់រហូតដល់ ៨០លានដុង (ជាង ៣,០០០ ដុល្លារ) ចំពោះអ្នកលក់ ដែលមិនបានចេញវិក្កយបត្រឱ្យអតិថិជន ឬចេញវិក្កយបត្រខុសពេលលក់ទំនិញជាក់ស្តែង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន VN Express នៅក្នុងថ្ងៃទី៥ ខែធ្នូ។ ច្បាប់ផាកពិន័យខាងលើនេះនឹងត្រូវអនុវត្តចាប់ពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ តទៅ និងអនុវត្តចំពោះការខកខានមិនបានចេញវិក្កយបត្រលើសពី ៥០ដងឡើងទៅ។

បើតាមអាជ្ញាធរវៀតណាមបានបញ្ជាក់ថា ការអនុវត្តច្បាប់ខាលើនេះត្រូវបានធ្វើឡើងក្នុងគោលបំណងដើម្បីទប់ស្កាត់ការក្លែងបន្លំការបង់ពន្ធជូនរដ្ឋ ខណៈយោងទៅតាមច្បាប់ក្នុងប្រទេសវៀតណាមបានកំណត់ថា អង្គការ សហគ្រាស បុគ្គលឬគ្រួសារអាជីវកម្ម និងសហករណ៍ ត្រូវតែចេញវិក្កយបត្រ និងផ្តល់ជូនទៅអ្នកទិញនៅពេលលក់ទំនិញ។ សូមបញ្ជាក់ជូនថា ការអនុវត្តច្បាប់ខាងលើនេះមិនមែនជារឿងថ្មីសម្រាប់ប្រទេសវៀតណាមឡើយ ដ្បិតវៀតណាមធ្លាប់មានច្បាប់ផាកពិន័យចំពោះករណីនេះយូរមកហើយ គ្រាន់តែថាច្បាប់ចាស់មានការផាកពិន័យតិចតួចនិងមិនសូវមានប្រសិទ្ធភាព៕

អត្ថបទ៖ ភក្តី
ប្រភព៖ VN Express