ព័ត៌មានជាតិ

តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ៖ប្រទេសថៃ តែងតែតាំងខ្លួនឯងថាជាប្រទេសស្រឡាញ់សន្តិភាព ប៉ុន្តែបែរជាបដិសេធនូវរាល់ដំណោះស្រាយដោយសន្តិវិធីទៅវិញ

BY
soknita
December 16, 2025

យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២៥ បានឱ្យដឹងថា ឯកឧត្តម កែវ ឈា ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ បានចូលរួមកិច្ចពិភាក្សាបើកចំហសម្រាប់ខែធ្នូ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ស្តីពី “ភាពជាអ្នកដឹកនាំដើម្បីសន្តិភាព” នៅទីស្នាក់ការកណ្តាលអ.ស.ប. នាទីក្រុងញូវយ៉ក។ កិច្ចពិភាក្សាបើកចំហរបស់ក្រុមប្រឹក្សាសន្តិសុខគឺជាកិច្ចប្រជុំដែលរៀបចំឡើងជារៀងរាល់ខែ ដើម្បីអនុញ្ញាតឱ្យរដ្ឋសមាជិកអង្គការសហប្រជាជាតិ ចូលរួមបញ្ចេញមតិយោបល់ ទៅតាមប្រធានបទ ដែលកំណត់ដោយប្រធានក្រុមប្រឹក្សាសន្តិសុខក្នុងខែនីមួយៗ។

នៅក្នុងសេចក្ដីថ្លែងការណ៍ ឯកឧត្តមបានជម្រាបជូនកិច្ចពិភាក្សាបើកចំហនេះអំពីការបាត់បង់ជីវិតរបស់ជនស៊ីវិល និងការខូចខាតហេដ្ឋារចនាសម្ព័ន្ធស៊ីវិលកម្ពុជា ដែលបណ្តាលមកពីអំពើឈ្លានពានរបស់យោធាថៃ និងបានគូសបញ្ជាក់ថា ការបាញ់ផ្លោងនិងការវាយប្រហារតាមអាកាសរបស់ប្រទេសថៃកាន់តែខ្លាំងឡើងរហូតដល់ ៩០ គីឡូម៉ែត្រមកក្នុងតំបន់ដែលជនស៊ីវិលកម្ពុជារស់នៅ គឺជាទង្វើឈ្លានពានយ៉ាងជាក់ច្បាស់ មិនមែនជាជម្លោះព្រំដែន ហើយក៏មិនមែនជាការការពារខ្លួននោះដែរ។

ឯកឧត្តមបានសង្កត់ធ្ងន់ថា ប្រទេសថៃតែងតែតំាងខ្លួនឯងថាជាប្រទេសស្រឡាញ់សន្តិភាព ប៉ុន្តែបែរជាបដិសេធនូវរាល់ដំណោះស្រាយដោយសន្តិវិធីទៅវិញ ដោយឯកឧត្តមបានគូសបញ្ជាក់ថា ថៃបានបដិសេធការដោះស្រាយជម្លោះតាមយន្តការតុលាការយុត្តិធម៌អន្តរជាតិ ប្រកាសផ្អាកកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរដោយឯកតោភាគី ប្រកាសបិទការចរចា បដិសេធរាល់បទឈប់បាញ់ និងបញ្ជាក់ពីចេតនារបស់ខ្លួនកាច់បំបាក់សមត្ថភាពយោធារបស់កម្ពុជា។

ឯកឧត្តមក៏បានសង្កត់ធ្ងន់ផងដែរថា វិបត្តិនេះគូសបញ្ជាក់ពីតម្រូវការសម្រាប់ភាពជាអ្នកដឹកនាំដើម្បីសន្តិភាព ដែលផ្អែកលើច្បាប់អន្តរជាតិ អំពាវនាវដល់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិ ឱ្យការពារធម្មនុញ្ញអង្គការសហប្រជាជាតិ និងរម្លឹកថា ភាពស្ងៀមស្ងាត់ អាចនឹងធ្វើឱ្យមានប្រក្រតីកម្មនៃការឈ្លានពាន ហើយធ្វើឱ្យប៉ះពាល់ដល់ពហុភាគីនិយម៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: