ក្រសួងអប់រំ ៖ សិស្សភៀសសឹកជាង ៩ ពាន់នាក់ បានចូលរៀនបណ្ដោះអាសន្នតាមគ្រឹះស្ថានសិក្សា ជាង ១.៦០០កន្លែង
- BY
- soknita
- December 19, 2025
(រាជធានីភ្នំពេញ) ៖ យោងទៅតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២៥ មានសិស្សភៀសសឹកចំនួន ៩ ៤០៧ នាក់ បានចូលរៀនបណ្ដោះអាសន្ននៅតាមគ្រឹះស្ថានសិក្សាចំនួន ១ ៦០២ ក្នុងរាជធានី-ខេត្ត ២២។ នេះបើយោងតាមការបញ្ជាក់ របស់ក្រសួងអប់រំ យុវជន និងកីឡា
.j.jpg)
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអំពាវនាវដល់មាតាបិតា អាណាព្យាបាលភៀសសឹកទាំងអស់ នាំកូនទៅចុះឈ្មោះចូលរៀនបណ្ដោះអាសន្ននៅតាមគ្រឹះស្ថានសិក្សានានាដែលមានទីតាំងនៅជិតបំផុតនឹងទីជម្រកសុវត្ថិភាពបណ្ដោះអាសន្នរបស់លោកអ្នកឱ្យបានគ្រប់ៗ គ្នា ស្ថិតក្នុងគ្រាដ៏លំបាក នៃជម្លោះព្រំដែនរវាងកម្ពុជា-ថៃ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានអំពាវនាវសូមបន្តពង្រឹងសាមគ្គីភាពគ្នារក្សាស្មារតីជាតិដ៏រឹងមាំ និងជឿទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងខ្មាំងឈ្លានពានដែលរំលោភបូរណភាពដែនដីរបស់កម្ពុជា។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានណែនាំថា សូមកុំខ្លបខ្លាច សូមមានភាពក្លាហាន ហើយងើបឈរឡើង ដើម្បីគាំទ្ររាជរដ្ឋាភិបាល គាំទ្រកងកម្លាំងប្រដាប់អាវុធវីរយុទ្ធជនយើង ដើម្បីប្រយុទ្ធប្រឆាំងខ្មាំងឈ្លានពាន និងត្រូវខិតខំប្រឹងប្រែងបណ្តុះបណ្តាលធនធានមនុស្សឱ្យមានគុណភាព មានតែធនធានមនុស្សដែលមានគុណភាពទេ ទើបយើងអាចកសាងកម្ពុជាមួយដែលមានសេដ្ឋកិច្ចការអភិវឌ្ឍមានភាពរុងរឿង និងយកឈ្នះមាសត្រូវរបស់យើង។
គួរបញ្ជាក់ថា សង្គ្រាមឈ្លានពានពីសំណាក់ទ័ពសៀមចាប់ពីថ្ងៃទី ៧ រហូតដល់ថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២៥ មានសាលារៀនជាប់បន្ទាត់ព្រំដែនចំនួន ១ ០៩១ សាលា នៃខេត្តចំនួន ៧ ត្រូវបានបិទទ្វារ ប៉ះពាល់គ្រូបង្រៀន ១១ ៩២២ នាក់ និង សិស្សានុសិស្ស ២៥៤ ៤៨០ នាក់ ខណៈមានជនភៀសសឹកកើនដល់ ១៣១ ៦៧២ គ្រួសារ ស្មើនឹង ៤៣៨ ៩៥៣ នាក់ ក្នុងនោះ ស្ត្រីមាន ២២៥ ៥៧២ នាក់ និងកុមារមាន ១៣៤ ៦០២ នាក់៕

.j.jpg)
.j.jpg)
.j.jpg)
ប្រភព៖ ក្រសួងព័ត៌មានhttps://www.information.gov.kh/articles/177640
- Share This Post:






