ព័ត៌មានជាតិ

ប្រទេសបារាំង បានសម្រេចប្រសិទ្ធនាមសួនច្បារមួយកន្លែងនៅទីក្រុង Fère-en-Tardenois ឈ្មោះថា «សួនច្បារ នរោត្តម សីហនុ»

BY
soknita
December 23, 2025

តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសបារាំង នៅថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ប្រទេសបារាំង បានសម្រេចប្រសិទ្ធនាមសួនច្បារមួយកន្លែងនៅទីក្រុង Fère-en-Tardenois ឈ្មោះថា «សួនច្បារ នរោត្តម សីហនុ»។

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋបារាំង មានកិត្តិយសសូមជម្រាបជូនដំណឹងថា សួនច្បារមួយនៃសាលាឃុំ Fère-en-Tardenois ក្នុងខេត្ត Aisne ត្រូវបានក្រុមប្រឹក្សាឃុំប្រសិទ្ធនាម ជាផ្លូវការថា «សួនច្បារនរោត្តម សីហនុ»។

ការប្រសិទ្ធនាមនេះ គឺជាការរម្លឹកដល់ចំណងមិត្តភាពជាប្រវត្តិសាស្ត្រដ៏ជ្រាលជ្រៅរវាងប្រទេស កម្ពុជា និងឃុំ Fère-en-Tardenois ដែលជាទីតាំងនិមិត្តរូបនៃជំនួបចរចាជាលើកដំបូងនាឆ្នាំ១៩៨៧ រវាងព្រះករុណា ព្រះមហាវីរក្សត្រ នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន ដែលកាលនោះ ជា នាយករដ្ឋមន្ត្រីកម្ពុជា។

ជំនួបជាប្រវត្តិសាស្ត្រនេះ គឺជាចំណុចចាប់ផ្តើមនៃដំណើរការស្វែងរកសន្តិភាព និងការបង្រួបបង្រួម ជាតិ ដែលនាំឈានទៅសម្រេចបាននូវកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១។ កិច្ចព្រមព្រៀង នេះបានបើកនូវសករាជថ្មីនៃស្ថិរភាព និងការកសាងប្រទេសឡើងវិញសម្រាប់ប្រជាពលរដ្ឋខ្មែរ។

ពិធីសម្ពោធសួនច្បារនេះជាផ្លូវការនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៨ ខែមករា ឆ្នាំ ២០២៦ នៅឃុំ Fère-en-Tardenois ក្រោមអធិបតីភាពរបស់ សម្តេចរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី ឧត្តម ប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាសមាជិកព្រឹទ្ធសភាកម្ពុជា ក្នុងនាមជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់ ព្រះករុណា ព្រះមហាក្សត្រ នាឱកាសនោះ។

ស្ថានឯកអគ្គរាជទូតកម្ពុជា សូមសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅ និងមានមោទនភាព ក្រៃលែងដែលឃើញការចងចាំចំពោះ ព្រះករុណា ព្រះបរមរតនកោដ្ឋ និងប្រវត្តិសាស្ត្រសន្តិភាពរបស់ កម្ពុជា ត្រូវបានតម្កល់តម្លៃយ៉ាងខ្ពង់ខ្ពស់នៅលើទឹកដីបារាំង៕

Share This Post: