ព័ត៌មានជាតិ

សម្តេច ម៉ែន សំអន ចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនពលរដ្ឋភៀសសឹក ១ ១៨០គ្រួសារ នៅខេត្តព្រះវិហារ

BY
soknita
December 24, 2025

(ខេត្តព្រះវិហារ)៖យោងទៅតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា សម្តេច ម៉ែន សំអន ចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនពលរដ្ឋភៀសសឹក ១ ១៨០គ្រួសារ នៅខេត្តព្រះវិហារ។

This image has an empty alt attribute; its file name is a1.jpg

ដោយនៅព្រឹកថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២៥ នេះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណៈកម្មាធិការសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញចុះជួបសំណេះសំណាលផ្ទាល់ និងនាំយកស្បៀងអាហារទៅចែកជូនដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ និងភៀសសឹកចំនួន ១ ១៨០គ្រួសារ នៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារ។

ក្នុងបរិយាកាសនៃក្ដីនឹករលឹក សម្តេចកិត្តិសង្គហបណ្ឌិត បានពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំកំពូលៗ រួមមាន សម្តេចតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដោយបានគូសបញ្ជាក់អំពីការយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសុខទុក្ខរបស់កងទ័ព និងនគរបាល ដែលកំពុងឈរជើងការពារបូរណភាពទឹកដីយ៉ាងមុតមាំ។

ឆ្លៀតក្នុងឱកាសនោះ សម្តេច ម៉ែន សំអន បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅ និងចូលរួមរំលែកទុក្ខជាមួយគ្រួសារវីរកងទ័ព ជាពិសេសចំពោះគ្រួសារដែលមានសមាជិកបានពលីជីវិតក្នុងសង្រ្គាមប្រឆាំងនឹងការឈ្លានពាន។ សម្តេចបានចាត់ទុកការលះបង់នេះថាជា «គុណបំណាច់មិនអាចកាត់ថ្លៃបាន» និងបានចាត់ទុកពួកគេជាវីរបុរសជាតិក្នុងទំព័រប្រវត្តិសាស្ត្រ។

សម្តេចកិត្តិសង្គហបណ្ឌិត បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលនឹងមិនទុកឱ្យគ្រួសារកងទ័ពនៅឯក្រោយខ្នងមានការលំបាកឡើយ ខណៈដែលស្វាមី ឬកូនចៅកំពុងបំពេញបេសកកម្មនៅជួរមុខ។ សម្តេចក៏បានណែនាំដល់អាជ្ញាធរមូលដ្ឋាន ត្រូវបន្តផ្តល់ភាពកក់ក្តៅ និងមើលថែគ្រួសារកងទ័ពឱ្យបានដិតដល់ ដើម្បីជាកម្លាំងចិត្តដល់អ្នកការពារជាតិ។

សូមបញ្ជាក់ថា អំណោយដែលត្រូវបានផ្តល់ជូនដល់ពលរដ្ឋទាំង ១ ១៨០គ្រួសារ ក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ២៥គីឡូក្រាម, ថវិកា ៥ម៉ឺនរៀល, ឃីត ១កញ្ចប់ (មានភួយ, ក្រមា), ប្រហុក ១គីឡូក្រាម, ឆៃប៉ូវ ១គីឡូក្រាម, អំបិល ១គីឡូក្រាម និងកេសសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃចំនួន ៩មុខផ្សេងទៀត (ដូចជា សាប៊ូ, មី, ទឹកដោះគោ, នំ និងសម្ភារៈអនាម័យជាដើម)៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: