ឯកឧត្តម ប៉ែន បូណា៖ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកបានគូសបញ្ជាក់ជំហរយ៉ាងច្បាស់លាស់ថា សហរដ្ឋអាមេរិកចង់ឃើញសន្តិភាពស្ថិតស្ថេររវាងកម្ពុជា និងថៃ
- BY
- soknita
- December 26, 2025
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២៥ នេះ បានឱ្យយដឹងថា ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានថ្លែងថា កាលពីយប់ថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាតាមទូរសព្ទជាមួយ ឯកឧត្តម Marco Rubio រដ្ឋមន្ត្រីការបរទេសនៃសហរដ្ឋអាមេរិក ដើម្បីពិភាក្សាអំពីការវិវត្តសភាពការណ៍តាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងគោលបំណងជំរុញឱ្យមានបទឈប់បាញ់ឱ្យបានឆាប់រហ័ស និងការអនុវត្តកិច្ចព្រមព្រៀងសន្តិភាព ដើម្បីស្វែងរកសន្តិភាពយូរអង្វែងសម្រាប់កម្ពុជា និងថៃ។
នៅក្នុងការធ្វើបច្ចុប្បន្នភាពស្តីពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីកងទ័ពថៃបានបើកការវាយប្រហារមុនមកលើកងទ័ពនិងជនស៊ីវិលកម្ពុជា នាព្រឹកថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២៥ ឯកឧត្តម ប៉ែន បូណា បានមានប្រសាសន៍ថា ក្នុងជំនួបពិភាក្សាតាមទូរសព្ទរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងឯកឧត្តម Marco Rubio រដ្ឋមន្ត្រីការបរទេសនៃសហរដ្ឋអាមេរិកកាលពីយប់មិញ ឯកឧត្តម Rubio បានគូសបញ្ជាក់ជំហរយ៉ាងច្បាស់លាស់ថា សហរដ្ឋអាមេរិកចង់ឃើញសន្តិភាពស្ថិតស្ថេររវាងកម្ពុជា និងថៃ និងខិតខំជម្រុញឱ្យមានបទឈប់បាញ់ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ខណៈដែលសម្តេចធិបតីបានបញ្ជាក់ជាថ្មីអំពីការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់របស់កម្ពុជា ក្នុងការបន្តអនុវត្តតាមស្មារតីនៃសេចក្ដីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ និងសង្ឃឹមថា ភាគីទាំងពីរនឹងបន្តធ្វើការជាមួយគ្នាស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់ ដោយខាងកម្ពុជានៅតែបន្តរក្សាជំហរក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីអនុលោមតាមកិច្ចព្រមព្រៀង និងយន្តការដែលបានឯកភាពគ្នានាពេលកន្លងមក រួមទាំងសេចក្ដីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ ដើម្បីដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ និងកសាងសន្តិភាពយូរអង្វែងរវាងប្រទេសទាំងពីរ។

ឯកឧត្តម ប៉ែន បូណា បានគូសបញ្ជាក់ថា តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់បណ្តាប្រទេសជាមិត្តក្នុងការជួយរកដំណោះស្រាយនៃបទឈប់បាញ់បានបង្ហាញឱ្យឃើញថា ពិភពលោកគឺមិនបានឈរឱបដៃមើលការរំលោភបំពាន ឬការឈ្លានពានដ៏កំរោលរបស់ភាគីថៃមកលើកម្ពុជានោះទេ។ សហគមន៍អន្តរជាតិបាន និងកំពុងបន្តចាប់អារម្មណ៍ទៅលើផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរមកលើជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលរបស់កម្ពុជា ដែលបណ្តាលមកពីការវាយប្រហារមិនរើសមុខ និងមិនរើសទីតាំងចូលជ្រៅក្នុងទឹកដីកម្ពុជាពីសំណាក់ទាហានថៃ ដែលរហូតមកទល់ពេលនេះមានជនស៊ីវិលកម្ពុជាយ៉ាងតិច៣០នាក់បានស្លាប់ និង៨៨នាក់ផ្សេងទៀតរងរបួស ក្នុងមានទាំងកុមារ ស្ត្រី និងមនុស្សចាស់ ខណៈដែលជនភៀសសឹកបានកើនឡើងដល់ជាង៦៤ម៉ឺននាក់ ហើយហេដ្ឋារចនាសម្ព័ន្ធស៊ីវិលជាច្រើនមានដូចជា ផ្ទះ សំបែង ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ វត្តអារាម ផ្សារ ហើយរហូតដល់រូបបដិមាព្រះវិស្ណុ និងប្រាសាទបុរាណ ដែលជាបេតិកភណ្ឌដ៏មានតម្លៃរបស់មនុស្សជាតិក៏បានរងការបំផ្លិចបំផ្លាញពីការទម្លាក់គ្រាប់បែក ការបាញ់កាំភ្លើងធំ និងការវាយកំទេចដោយចេតនារបស់ទាហានថៃ។
ឯកឧត្តម ប៉ែន បូណា បានបន្តថា ទោះជាយ៉ាងណាកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំតាមរយៈកិច្ចសន្ទនាការទូត រួមជាមួយនឹងសម្រែកថ្កោលទោស និងការទាមទាររបស់ព្រះសង្ឃ មន្ត្រីរាជការ អង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋខ្មែរនៅគ្រប់ទិសទីទាំងក្នុង និងក្រៅប្រទេស ដើម្បីទាមទាររកសន្តិភាព និងទាមទារឱ្យថៃបញ្ឈប់អំពើឈ្លានពានយ៉ាងកំរោល និងព្រៃផ្សៃមកលើកម្ពុជាវាកំពុងតែទាក់ទាញចំណាប់អារម្មណ៍នៅជុំវិញពិភពលោក។ នេះជាសញ្ញាដែលបញ្ជាក់ថាយុត្តិធម៌ចំពោះកម្ពុជា និងប្រជាពលរដ្ឋខ្មែរគឺត្រូវតែមាន ហើយចំពោះអ្នកដែលបានប្រព្រឹត្តឧក្រិដ្ឋកម្មមកលើកម្ពុជា គឺត្រូវតែទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួន៕

ប្រភព៖ ក្រសួងព័ត៌មាន
- Share This Post:






