អ្នកនាំពាក្យក្រសួងការពារជាតិ អះអាងថារហូតមកទល់ព្រឹកនេះសភាពការណ៍ជួរមុខមានភាពស្ងប់ស្ងាត់ ជាធម្មតា
(រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ការលោកជទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិបានថ្លែងថា ក្រោយពីមានកិច្ចព្រមព្រៀងគ្នារវាងកម្ពុជា និងថៃលើបទឈប់បាញ់កាលពីថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៥ រហូតមកទល់ព្រឹកថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៥ នេះ សភាពការណ៍នៅជួរមុខគឺមានភាពស្ងប់ស្ងាត់ជាធម្មតា ប៉ុន្តែកងកម្លាំងរបស់យើងគឺនៅតែបន្តតាមដានដោយយកចិត្តទុកដាក់ជានិច្ច និងកំពុងបំពេញតួនាទីរបស់ខ្លួនជាមួយនឹងស្មារតីប្រុងប្រយ័ត្នខ្ពស់ ដើម្បីការពារអធិបតេយ្យ និងបូរណភាពទឹកដីរបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួនបំផុត។

នៅក្នុងឱកាសនៃការធ្វើបច្ចុប្បន្នភាពស្ដីពីការវិវត្តន៍ស្ថានការណ៍កម្ពុជា-ថៃ នាព្រឹកថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៥ នេះ លោកជទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានគូសបញ្ជាក់ថា កម្ពុជានៅតែប្រកាន់យកនូវជំហរក្នុងការដោះស្រាយរាល់បញ្ហាដោយសន្តិវិធី និងស្មោះត្រង់ ស្របតាមច្បាប់អន្តរជាតិ និងធម្មនុញ្ញ អង្គការសហប្រជាជាតិ រួមទាំងធម្មនុញ្ញអាស៊ាន។
សូមជម្រាបជូនថា ចាប់តាំងពីមានការវាយប្រយុទ្ធគ្នានៅតាមព្រំដែនកម្ពុជា ថៃ ដែលបានចាប់ផ្តើមជាថ្មីកាលពីថ្ងៃទី ៧ ខែធ្នូ ឆ្នាំ ២០២៥ រហូតដល់មានកិច្ចព្រមព្រៀងបទឈប់បាញ់ដែលបានចូលជាធរមានកាលពីវេលាម៉ោង ១២ថ្ងៃត្រង់ ថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៥ បានបណ្តាលឱ្យមានពលរដ្ឋស្លូតត្រង់កម្ពុជាយ៉ាងហោចណាស់៣២នាក់បានស្លាប់ និង៩៣នាក់ផ្សេងទៀតរងរបួស ខណៈមនុស្សរាប់សែននាក់បានចាកចោលផ្ទះសំបែងដើម្បីទៅរកទីសុវត្ថិភាព៕

ប្រភព៖ ក្រសួងព័ត៌មាន