ភ្ញៀវទេសចរណ៍ជាង ២០០០នាក់ បានមកលេងកម្សាន្តនៅកំពង់ផែព្រះសីហនុ តាមរយៈនាវាទេសចរណ៍ DIAMOND PRINCESS របស់សញ្ជាតិប៊ែរមូដា
(ខេត្តព្រះសីហនុ)៖ នៅរសៀលថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៥ នេះ កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានបញ្ជាក់ថា ភ្ញៀវទេសចរណ៍ជាង ២០០០នាក់ បានមកលេងកម្សាន្តនៅកំពង់ផែព្រះសីហនុ តាមរយៈនាវាទេសចរណ៍ DIAMOND PRINCESS របស់សញ្ជាតិប៊ែរមូដា។

តាមការបញ្ជាក់ពី កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានឱ្យដឹងថា នាវេលាម៉ោង ៧:០០ នាទី ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៥ នាវាទេសចរណ៍ ឈ្មោះ DIAMOND PRINCESS សញ្ជាតិ BERMUDA ដែលមានប្រវែងបណ្តោយ ២៨៨,៣៣ ម៉ែត្រ ប្រវែងទទឹង ៣៧,៥០ ម៉ែត្រ ជម្រៅ ៨,៥០ ម៉ែត្រ បានចូលចតនៅ ក.ស.ស. ដោយសុវត្ថិភាព ក្នុងគោលបំណងមកទស្សនា ប្រទេសកម្ពុជា រយៈពេល ១ ថ្ងៃ បន្ទាប់ពីចេញដំណើរមកពីប្រទេសវៀតណាម។ នាវាទេសចរណ៍នេះ មាននាវិកសរុបចំនួន ១,០៥៩ នាក់ (ស្រី ២៤៥ នាក់) មាន ៥៩ សញ្ជាតិ។ និងមានភ្ញៀវទេសចរណ៍សរុបចំនួន ២,៨៥០ នាក់ (ស្រី ១,៥៦៦ នាក់) មាន ៥២ សញ្ជាតិ។
ចំពោះចំនួនសញ្ជាតិដែលមានភ្ញៀវច្រើនជាងគេ គឺសហរដ្ឋអាមេរិក (៧៩៧ នាក់) និងអូស្រ្តាលី (៨២៤ នាក់) ហើយនាវាទេសចរណ៍មួយនេះ ក៏បានចាកចេញទៅប្រទេសផ្សេងមួយទៀត នៅវេលាម៉ោង ១៦:០០ នាទី នៅថ្ងៃដដែល៕







ប្រភព៖ កំពង់ផែស្វយ័តក្រុងព្រះសីហនុ