អបអរសាទរ! បេក្ខជនចំនួន ១៧៧នាក់ ប្រឡងជាប់ជាស្ថាពរ ក្លាយជាសិស្សមន្ត្រីក្រមការ ជំនាន់ទី១២ ដែលបានចូលរៀននៅសាលាភូមិន្ទរដ្ឋបាល
(រាជធានីភ្នំពេញ)៖ ក្រសួងមុខងារសាធារណៈ បានបញ្ជាក់ថា បេក្ខជនចំនួន ១៧៧នាក់ (ស្រី ៥៤នាក់) ប្រឡងជាប់ជាស្ថាពរ ក្លាយជាសិស្សមន្ត្រីក្រមការ ជំនាន់ទី១២ ឱ្យចូលរៀននៅសាលាភូមិន្ទរដ្ឋបាល ខណៈតម្រូវការសរុបមានចំនួន ២០៥នាក់។

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង ព្រមទាំងសមាជិក សមាជិកានៃគណៈកម្មការ និងអនុគណៈកម្មការពាក់ព័ន្ធទាំងអស់ កំពុងមានវត្តមាននៅមណ្ឌលកំណែសាលាភូមិន្ទរដ្ឋបាល ដើម្បីពិនិត្យ ផ្ទៀងផ្ទាត់ និងចុះហត្ថលេខាសម្រេចលើលទ្ធផលរបស់បេក្ខជនជាប់ស្ថាពរ នៃការប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីក្រមការ ជំនាន់ទី១២ នៃសាលាភូមិន្ទរដ្ឋបាល។
សូមជម្រាបព័ត៌មានជាបឋមថា ក្នុងចំណោមតម្រូវការចំនួន ២០៥នាក់ មានបេក្ខជនតែ ១៧៧នាក់តែប៉ុណ្ណោះ ដែលបានប្រឡងជាប់ជាស្ថាពរ ស្របតាមគោលការណ៍នៃនិយាមនីតិវិធីដែលបានកំណត់។ បេក្ខជនដែលជាប់ជាស្ថាពរ នឹងត្រូវទទួលបានការបណ្តុះបណ្តាលរយៈពេល១២ខែ នៅសាលាភូមិន្ទរដ្ឋបាល មុនចេញទៅបម្រើការងារនៅតាមរដ្ឋបាលក្រុង ស្រុក ខណ្ឌនៃរាជធានី ខេត្តទូទាំងប្រទេស។ សម្រាប់កន្លែងដែលមិនមានបេក្ខជនប្រឡងជាប់ ឬសម្រាប់បេក្ខជនដែលជាប់បម្រុង សូមតាមដានការណែនាំរបស់គណៈកម្មការជាបន្តបន្ទាប់៕



ប្រភព៖ ក្រសួងមុខងារសាធារណៈ