សម្តេចតេជោ ហ៊ុន សែន ផ្ញើសារស្វាគមន៍ យុទ្ធជន ទាំង ១៨រូប ដែលបាននិវត្តន៍មកកាន់មាតុប្រទេសវិញ ប្រកបដោយសុខសុវត្ថិភាព នាថ្ងៃទី ៣១ ខែធ្នូនេះ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឺទ្ធសភានៃកម្ពុជា បានផ្ញើសារស្វាគមន៍ យុទ្ធជន ទាំង១៨រូប ដែលបាននិវត្តន៍មកកាន់មាតុប្រទេសវិញ ប្រកបដោយសុខសុវត្ថិភាព នាថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៥ នេះ។

គួរជម្រាបជូនថា នៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន វេលាម៉ោង ១០:០០ នាទីព្រឹក ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥នេះ យោធិនកម្ពុជាទាំង ១៨រូប ដែលបានស្ថិតក្រោមការឃុំគ្រងរបស់ភាគីថៃអស់រយៈពេល ១៥៥ថ្ងៃមកហើយ ត្រូវបានដោះលែង និងបញ្ជូនត្រឡប់មកមាតុប្រទេសវិញ ដោយសុខសុវត្ថិភាព។ សូមគូសបញ្ជាក់ផងដែរថា ការដោះលែងយោធិនកម្ពុជាចំនួន ១៨រូបត្រឡប់មកកម្ពុជាវិញ គឺធ្វើឡើងក្រោមការឯកភាពគ្នារវាងកម្ពុជានិងថៃ នៅក្នុងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៥ ក្នុងចំនុចទី១១ ដែលបានកំណត់ថា បន្ទាប់ពីការគោរពយ៉ាងពេញលេញក្នុងរយៈពេល ៧២ម៉ោងនៃបទឈប់បាញ់ ដែលត្រូវបានចូលជាធរមានកាលពីវេលាម៉ោង ១២:០០ថ្ងៃត្រង់ (ម៉ោងក្នុងស្រុក) នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ក្នុងដំណើរនៃការវិលត្រឡប់របស់យោធិនទាំង ១៨រូបរបស់យើង ក៏មានការចូលរួមសង្កេតការណ៍ពីសំណាក់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) និងគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC)។
ការដោះលែងយោធិនរបស់យើងទាំង ១៨នាក់នេះ ក៏ស្របជាមួយនឹងស្មារតីនៃសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ ស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ រវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ ក្រោមការធ្វើជាសាក្សីរបស់ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតី នៃសហរដ្ឋអាម៉េរិក និងឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រី នៃប្រទេសម៉ាឡេស៊ី៕




ប្រភព៖ ក្រសួងព័ត៌មាន