ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អ្នកនាំពាក្យក្រសួងការពារជាតិ៖ ការគោរព និងអនុវត្តបទឈប់បាញ់ រួមទាំងកិច្ចព្រមព្រៀងផ្សេងៗទៀតរវាងកម្ពុជា-ថៃឱ្យបានម៉ឺងម៉ាត់គឺជាការទទួលខុសត្រូវរួមគ្នារវាងភាគីទាំងពីរ

    BY soknita January 3, 2026
    អ្នកនាំពាក្យក្រសួងការពារជាតិ៖ ការគោរព និងអនុវត្តបទឈប់បាញ់ រួមទាំងកិច្ចព្រមព្រៀងផ្សេងៗទៀតរវាងកម្ពុជា-ថៃឱ្យបានម៉ឺងម៉ាត់គឺជាការទទួលខុសត្រូវរួមគ្នារវាងភាគីទាំងពីរ

    យោងទៅតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បៅព្រឹកថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២៦ នេះ បានបញ្ជាក់ថា ការគោរព និងអនុវត្តបទឈប់បាញ់ រួមទាំងកិច្ចព្រមព្រៀងផ្សេងៗទៀតរវាងកម្ពុជា-ថៃឱ្យបានម៉ឺងម៉ាត់គឺជាការទទួលខុសត្រូវរួមគ្នារវាងភាគីទាំងពីរ។ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិបានថ្លែងអះអាងថា ចាប់តាំងពីមានកិច្ចព្រមព្រៀងនៃបទឈប់បាញ់ ខាងភាគីកម្ពុជាគឺប្រកាន់បាននូវការគោរពបទឈប់បាញ់យ៉ាងខ្ជាប់ខ្ជួន រួមទាំងកិច្ចព្រមព្រៀងពាក់ព័ន្ធនានារវាងកម្ពុជា-ថៃ ហើយក្រសួងការពារជាតិក៏បាន និងកំពុងបន្តតាមដានយ៉ាងយកចិត្តទុកដាក់បំផុតនូវការគោរព និងការអនុវត្តបទឈប់បាញ់ និងរាល់កិច្ចព្រមព្រៀងផ្សេងៗទៀតរបស់ភាគីទាំងពីរកម្ពុជា-ថៃ។ ការអះអាងរបស់អ្នកនាំពាក្យក្រសួងការការពារជាតិកម្ពុជាយ៉ាងដូច្នេះ ធ្វើឡើងក្នុងឱកាសនៃការធ្វើបច្ចុប្បន្នភាពស្ដីពីការវិវត្តន៍ស្ថានការណ៍ព្រំដែន កម្ពុជា-ថៃ នាព្រឹកថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២៦។

    This image has an empty alt attribute; its file name is Screenshot-2026-01-03-111822-1024x787.png

    លោកជំទាវអ្នកនាំពាក្យបានគូសបញ្ជាក់ថា វាគឺជាការទទួលខុសត្រូវរួមគ្នារវាងភាគីទាំងពីរក្នុងការគោរព និងអនុវត្តបទឈប់បាញ់ រួមទាំងកិច្ចព្រមព្រៀងផ្សេងៗទៀតរវាងកម្ពុជា-ថៃឱ្យបានម៉ឺងម៉ាត់ ប្រកបដោយសុឆន្ទៈ និងភាពស្មោះត្រង់ ព្រោះភាពស្មោះត្រង់ត្រូវស្តែងចេញតាមរយៈសកម្មភាពជាក់ស្តែង មិនមែនតាមរយៈពាក្យសម្តីតែប៉ុណ្ណោះទេ។ ដូច្នេះសកម្មភាពទាំងឡាយណាដែលបានប្រព្រឹត្តផ្ទុយពីស្មារតីនៃកិច្ចព្រមព្រៀង សកម្មភាពនោះត្រូវតែបញ្ឈប់ជាបន្ទាន់ដើម្បីធានាដល់ការពង្រឹង និងការធានាដល់និរន្តរភាពនៃបទឈប់បាញ់ ហើយក្នុងនាមជាភាគីដែលមានការទទួលខុសត្រូវខ្ពស់ កម្ពុជានឹងបន្តធ្វើការជាមួយភាគីថៃក៏ដូចជាដៃគូពាក់ព័ន្ធដទៃទៀត ដើម្បីដោះស្រាយបញ្ហាដោយសន្តិវិធី ស្របតាមច្បាប់អន្តរ ជាតិ សំដៅសម្រេចឱ្យបាននូវដំណោះស្រាយមួយដែលយុត្តិធម៌ មិនលំអៀង និងយូរអង្វែង។

    លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានថ្លែងបញ្ជាក់ថា កម្ពុជាប្រឆាំងដាច់ខាតនូវការប្រើប្រាស់កម្លាំង ការគម្រាមកំហែងគ្រប់រូបភាព និងក្រោមមូលហេតុណាក៏ដោយ ហើយជាជំហានទៅមុខកម្ពុជា សង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការជំរុញវិធានការលើកកម្ពស់ជំនឿទុកចិត្ត ដើម្បីបង្កើនបរិយាកាសអំណោយផលដល់ការពង្រឹងសន្តិភាព ស្ថិរភាព និងសុវត្ថិភាព ក៏ដូចជាការវិលត្រឡប់ទៅរកប្រក្រតីភាពនៃទំនាក់ទំនងឡើងវិញនាពេលអនាគត។ ក្នុងន័យនេះ កម្ពុជានឹងពង្រឹងតួនាទីអ្នកសង្កេតការណ៍អាស៊ាន (AOT) ឱ្យបានកាន់តែរឹងមាំក្នុងការសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងធានាដល់ការអនុវត្តប្រកបដោយប្រសិទ្ធភាពចំពោះបទឈប់បាញ់ក៏ដូចជាវិធានការនានាដែលបានឯកភាពគ្នា និងសូមស្វាគមន៍ដល់ បណ្តាប្រទេសជាមិត្តដែលមានបំណងក្នុងការចូលរួមជួយក្នុងការងារនេះបន្ថែមទៀត។

    ក្នុងនាមក្រសួងការពារជាតិ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានអំពាវនាវដល់សាធារណជន អ្នកសារព័ត៌មានជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋទាំងអស់សូមទទួលយកតែព័ត៌មានដែលមានប្រភពច្បាស់លាស់ ត្រឹមត្រូវ ជឿទុកចិត្ត និងអាចផ្ទៀងផ្ទាត់បាន ជាពិសេសការផ្តល់ជូនព័ត៌មានតាម រយៈគេហទំព័រផ្លូវការរបស់របស់រាជរដ្ឋាភិបាល របស់ថ្នាក់ដឹកនាំ ក្រសួង និងអង្គភាពពាក់ព័ន្ធ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: