ឯកឧត្តម សុខ លូ ចុះពិនិត្យស្ថានភាពការបើកដំណើរការសេវាសាធារណៈឡើងវិញនៅតាមបណ្ដាស្រុកជាប់ព្រំដែន ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង
(ខេត្តបាត់ដំបង)៖ ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ឯកឧត្តម សុខ លូ អញ្ជើញពិនិត្យស្ថានភាពការបើកដំណើរការសេវាសាធារណៈឡើងវិញនៅតាមបណ្ដាស្រុកជាប់ព្រំដែន ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង។ កាលពីថ្ងៃទី ៤ ខែមករា ឆ្នាំ ២០២៦ នេះ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំមន្រ្តីជំនាញចុះពិនិត្យមើលស្ថានភាពនៃការបើកដំណើរការសេវាសាធារណៈឡើងវិញនៅតាមបណ្ដាស្រុកជាប់ព្រំដែនក្នុងភូមិសាស្រ្តខេត្តបាត់ដំបង។

ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានអញ្ជើញចុះពិនិត្យដំណើរការសេវាសាធារណៈនៅតាមរដ្ឋបាលស្រុក មណ្ឌលសុខភាព សាលារៀន និងទីប្រជុំជនមួយចំនួននៅក្នុងមូលដ្ឋានស្រុកសំពៅលូន ភ្នំព្រឹក កំរៀង សំឡូត និងស្រុកបាណន់។
សូមជម្រាបថា សម្រាប់គ្រឹះស្ថានអប់រំនៅក្នុងខេត្តបាត់ដំបង មន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានចេញសេចក្ដីណែនាំស្ដីពីការបើកដំណើរការគ្រឹះស្ថានសិក្សាគ្រប់កម្រិតនៅស្រុកសំឡូត កំរៀង ភ្នំព្រឹក សំពៅលូន និងស្រុកបាណន់ឱ្យដំណើរបង្រៀន-រៀនធម្មតាចាប់ពីថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២៥។
គួរកត់សម្គាល់ថា បន្ទាប់ពីប្រទេសកម្ពុជា-ថៃ បានអនុវត្តបទ«ឈប់បាញ់ភ្លាម នៅនឹងកន្លែង» ដែលបានចូលជាធរមានចាប់ពីម៉ោង ១២៖០០ ថ្ងៃត្រង់ ថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៥ ការបម្រើសេវាសាធារណៈនៅតាមបណ្ដាស្រុកជាប់ព្រំដែន ជាពិសេសប្រជាពលរដ្ឋភៀសសឹកពីតាមតំបន់ព្រំដែនមកស្នាក់នៅក្នុងមណ្ឌលសុវត្ថិភាពនានាក្នុងភូមិសាស្រ្តខេត្តបាត់ដំបង បានវិលត្រឡប់ទៅកាន់លំនៅឋានវិញជាបន្តបន្ទាប់ជាមួយអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង និងកំពុងដំណើរការអាជីវកម្មរកស៊ីជាប្រក្រតី។
បើតាមរបាយការណ៍របស់រដ្ឋបាលខេត្តបាត់ដំបង បានឱ្យដឹងថា គិតត្រឹមថ្ងៃទី៨ ខែធ្នូដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក្នុងអំឡុងសង្គ្រាមជាង២០ថ្ងៃភាគីថៃបានបាញ់ផ្លោងចូលដែនអធិបតេយ្យកម្ពុជាធ្វើឱ្យរងផលប៉ះពាល់ និងការខូចខាតក្នុងភូមិសាស្ត្រខេត្តបាត់ដំបងធ្វើឱ្យប៉ះពាល់ និងខូចខាតផ្ទះប្រជាពលរដ្ឋជាង៤០ខ្នង, សាលារៀន អគារសាធារណៈ និងរបួសជនជាតិចិន។
សូមជម្រាបថា គិតត្រឹមថ្ងៃទី ៤ ខែមករា ឆ្នាំ ២០២៦ នេះ រដ្ឋបាលខេត្តបាត់ដំបង និងអាជ្ញាធរមូលដ្ឋានបានជួយជួសជុលផ្ទះប្រជាពលរដ្ឋ៨ខ្នង នៅស្រុកភ្នំព្រឹក និង២៧ខ្នងទៀតនៅស្រុកសំពៅលូន ព្រមទាំងកំពុងសហការជាមួយក្រុមការងារបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅតាមភូមិករប្រជាពលរដ្ឋ៕



ប្រភព៖ ក្រសួងមហាផ្ទៃ