អ្នកនាំពាក្យក្រសួងការពារជាតិ បញ្ជាក់មានការផ្ទុះគ្រា-ប់ចេញពីគំនរសំរាម បណ្តាលឱ្យកងកម្លាំងកម្ពុជា ២នាក់ រងរបួសធ្ងន់-ស្រាល ពេលកំពុងរៀបចំសណ្តាប់ធ្នាប់ នៅមូលដ្ឋានឈរជើង មុំបី ខេត្តព្រះវិហារ
(រាជធានីភ្នំពេញ)៖ នៅថ្ងៃទី ៦ ខែមករា ឆ្នាំ ២០២៦ នេះ ក្រសួងការពារជាតិ បានចេញសេចក្ដីប្រកាសព័ត៌មាន ថា នៅម៉ោង ៧:២៧នាទីព្រឹក ថ្ងៃទី ៦ ខែមករា នេះ មានការផ្ទុះគ្រាប់ចេញពីគំនរសំរាមបណ្តាលឱ្យកម្លាំងកម្ពុជាចំនួន ២នាក់ រងរបួសធ្ងន់ និងស្រាល ខណៈពេលកងកម្លាំងកម្ពុជាកំពុងធ្វើការរៀបចំសណ្តាប់ធ្នាប់ នៅមូលដ្ឋានឈរជើង ក្នុងភូមិសាស្ត្រមុំបី ខេត្តព្រះវិហារ។

តាមការបញ្ជាក់របស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅវេលាម៉ោង ៧:២៧នាទីព្រឹក ថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ ក្នុងភូមិសាស្ត្រមុំបី ខេត្តព្រះវិហារ កងកម្លាំងកម្ពុជាបានធ្វើការរៀបចំសណ្តាប់ធ្នាប់ និងរបៀបរៀបរយ នៅមូលដ្ឋានឈរជើងរបស់ខ្លួនក្នុងដែនអធិបតេយ្យរបស់កម្ពុជា ស្របពេលជាមួយគ្នានោះ ក៏មានការផ្ទុះគ្រាប់ចេញពីគំនរសំរាម ហើយបានបណ្តាលឱ្យកងកម្លាំងកម្ពុជាដែលកំពុងបំពេញការងារនៅទីនោះរងរបួសធ្ងន់និងស្រាលចំនួន ២នាក់ ហើយបច្ចុប្បន្នអ្នកដែលរងរបួស ដោយសារឧបទ្ទវហេតុខាងលើបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យរួចហើយ។ សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា ក្នុងករណីខាងលើនេះ ក្រុមការងារសម្របសម្រួលរវាងភាគីកម្ពុជា-ថៃបាននឹងកំពុងធ្វើការរួមគ្នាក្នុងករណីខាងលើនេះ។ក្រុមទំនាក់ទំនងនៃប្រទេសទាំងពីរបានសាក សួរ និងផ្តល់ព័ត៌មាន ដើម្បីដោះស្រាយជាមួយគ្នារួចហើយអំពីបញ្ហានេះ។
ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមគូសបញ្ជាក់សាជាថ្មីថា ដោយឈរលើស្មារតីនៃការដោះស្រាយបញ្ហាដោយសន្តិវិធីផ្អែកលើក្របខណ្ឌច្បាប់អន្តរជាតិ និងក្នុងនាមជាប្រទេសដែលមានការទទួលខុសត្រូវខ្ពស់ និងស្រឡាញ់សន្តិភាពដ៏ពិតប្រាកដ រាជរដ្ឋាភិបាលកម្ពុជា កងកម្លាំងរបស់កម្ពុជា បញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ សុចរិតក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួននូវលក្ខខណ្ឌនៃបទឈប់បាញ់រវាងកម្ពុជា-ថៃ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ដែលភាគីទាំងពីរបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥, សេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលបានចុះហត្ថលេខានៅថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៥ និងឯកសារព្រមព្រៀងផ្សេងៗ ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព ស្ថិរភាព និងសុវត្ថិភាពជូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តាយព្រំដែនប្រទេសទាំងពីរ៕

ប្រភព៖ ក្រសួងការពារជាតិ