វេណេស៊ុយអេឡា យល់ព្រមនាំចេញប្រេងឆៅតម្លៃ ២ពាន់លានដុល្លារទៅកាន់សហរដ្ឋអាមេរិក
អាមេរិក៖ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានអះអាងថា ប្រទេសវេណេស៊ុយអេឡាបានចុះកិច្ចព្រមព្រៀងនាំចេញប្រេងឆៅ ដែលមានតម្លៃប្រមាណជា ២ពាន់លានដុល្លារទៅកាន់សហរដ្ឋអាមេរិកហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia។ តាមរយៈកិច្ចព្រមព្រៀងនេះគេអាចមើលឃើលញថា ប្រទេសវេណេស៊ុយអេឡាកំពុងព្យាយាមឆ្លើយតបទៅនឹងការទាមទាររបស់លោក ដូណាល់ ត្រាំ ដើម្បីជៀសវាងកុំឱ្យមានអន្តរាគមន៍ពីយោធាអាមេរិកបន្ថែមទៀត។

ទន្ទឹមគ្នានេះ លោក ដូណាល់ ត្រាំ ក៏ចង់ឱ្យលោកប្រធានាធិបតីស្តីទីនៃប្រទេសវេណេស៊ុយអេឡា អនុញ្ញាតឱ្យអាមេរិក និងក្រុមហ៊ុនឯកជនមួយចំនួន ចូលទៅប្រើប្រាស់ឧស្សាហកម្មប្រេងរបស់ប្រទេសវេណេស៊ុយអេឡាផងដែរ។ សូមបញ្ជាក់ជូនថា គិតត្រឹមពេលនេះប្រទេសវេណេស៊ុយអេឡាមានប្រេងរាប់លានបារ៉ែលកំពុងស្តុកទុកនៅលើនាវាដឹកប្រេង និងនៅក្នុងធុងស្តុកប្រេង ដែលមិនអាចដឹកជញ្ជូនបាន ក្រោយលោក ដូណាល់ ត្រាំ បានបិទផ្លូវលើការនាំចេញចាប់តាំងពីពាក់កណ្តាលខែធ្នូមក៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia