ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ សង្ឃឹមជឿជាក់ថា ទៅថ្ងៃអនាគតកងទ័ពប្រទេសទាំងពីរកម្ពុជា និងឡាវ នឹងបន្តពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការកាន់តែទូលំទូលាយ

    BY soknita January 12, 2026
    អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ សង្ឃឹមជឿជាក់ថា ទៅថ្ងៃអនាគតកងទ័ពប្រទេសទាំងពីរកម្ពុជា និងឡាវ នឹងបន្តពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការកាន់តែទូលំទូលាយ

    យោងតាមការចុះផ្យាយពី ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២៦ នេះ បានឱ​យដឹងថា ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទបានមានប្រសាសន៍សង្ឃឹមជឿជាក់ថា ទៅថ្ងៃអនាគតកងទ័ពប្រទេសទាំងពីរកម្ពុជា និងឡាវ នឹងបន្តពង្រឹងពង្រីក កិច្ចសហប្រតិបត្តិការកាន់តែទូលំទូលាយ តាមរយៈការបណ្ដុះបណ្ដាលធនធានមនុស្ស ការផ្លាស់ប្ដូរទស្សនកិច្ចគ្រប់កម្រិត ការផ្លាស់ប្ដូរព័ត៌មាន, កិច្ចការសហប្រតិបត្តិការសង្គ្រោះគ្រោះមហន្តរាយ ក៏ដូចជាបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រភេទទ័ពនិងប្រភេទទ័ព និងការធ្វើសមយុទ្ធយោធារួមគ្នា ជាដើម។

    ការលើកឡើងរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទបែបនេះ ក្នុងឱកាសអនុញ្ញាតឱ្យប្រធានការិយាល័យអនុព័ន្ធយោធាឡាវ លោកវរសេនីយ៍ឯក វីឡៃសន ស៊ីស៊ុមបាត់ ដែលបញ្ចប់អាណត្តិការងាររបស់ខ្លួនចូលជួបសម្ដែងការគួរសម និងជម្រាបលា នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ ដោយក្នុងនោះ ក៏បានបង្ហាញវត្តមានប្រធានការិយាល័យអនុព័ន្ធយោធាឡាវថ្មី គឺលោកវរសេនីយ៍ឯក ឡាត់សាក់ឃុន វង្សភោស៊ី ដែលទើបតែងតាំងជំនួសថ្មី ណែនាំដល់ឯកឧត្តមនាយឧត្តមសេនីយ៍មេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទផងដែរ នៅអគ្គបញ្ជាការដ្ឋាន។

    ក្នុងឱកាសនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន បានវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាពនៃកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ កម្ពុជា-ឡាវ ដែលតែងផ្លាស់ប្ដូរទស្សនកិច្ចគ្រប់កម្រិត ក៏ដូចជាការផ្តល់អាហារូបករណ៍ ផ្លាស់ប្ដូរព័ត៌មានចារកម្មទៅវិញទៅមក និងការបង្ក្រាបបទល្មើសឧក្រិដ្ឋកម្មឆ្លងដែននានា។

    ឯកឧត្តម អគ្គមេបញ្ជាការក៏បានវាយតម្លៃខ្ពស់ចំពោះបេសកកម្មការទូតយោធារបស់លោកវរសេនីយ៍ឯក វីឡៃសន ស៊ីស៊ុមបាត់ នៅកម្ពុជាក្នុងរយៈពេលបីឆ្នាំកន្លងមកនេះ និងបានស្វាគមន៍ចំពោះ លោកវរសេនីយ៍ឯក ឡាត់សាក់ឃុន វង្សភោស៊ី ដែលទើបទទួលបានការតែងតាំងថ្មី ជាប្រធានការិយាល័យអនុព័ន្ធយោធាឡាវប្រចាំ កម្ពុជា។

    ឯកឧត្តមអគ្គមេបញ្ជាការ ក៏បានជម្រាបជូនអំពីបច្ចុប្បន្នភាព និងការវិវឌ្ឍស្ថានភាពព្រំដែនកម្ពុជា-ថៃ ព្រមទាំងបានគូសបញ្ជាក់ពីជំហរកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដោយអនុលោមតាមគោលការណ៍ និងយន្តការដែលបានឯកភាពគ្នាកន្លងមក ដើម្បីដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ និងកសាងសន្តិភាពយូរអង្វែងរវាងប្រទេសទាំងពីរ។ ជាមួយគ្នានេះ លោកវរសេនីយ៍ឯក វីឡៃសន ស៊ីស៊ុមបាត់ បានថ្លែងអំណរគុណដល់ឯកឧត្តមអគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ដែលបានអនុញ្ញាតឱ្យរូបលោក និងប្រធានការិយាល័យអនុព័ន្ធថ្មីចូលជួបសម្តែងការគួរសម ព្រមទាំងបានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំអគ្គបញ្ជាការ ដែលបានជួយសម្របសម្រួល គាំទ្រកន្លងមក ធ្វើឱ្យបេសកកម្មរបស់លោកទទួលបានជោគជ័យ។

    លោកវរសេនីយ៍ឯក វីឡៃសន ស៊ីស៊ុមបាត់ បានគូសបញ្ជាក់ពីកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរនាពេលកន្លងមក មានភាពល្អប្រសើរ ក្នុងនោះកិច្ចប្រជុំគណៈកម្មការសន្តិសុខ របៀបរៀបរយតាមបណ្ដោយព្រំដែនប្រទេសទាំងពីរ បានដំណើរការល្អ ជាស្ពាននៃចំណងសាមគ្គីភាព មិត្តភាព ក្នុងនាមប្រទេសជិតខាង ជាអំណោយផលដល់ការផ្លាស់ប្ដូរទំនិញរវាងប្រជាពលរដ្ឋប្រទេសទាំងពីរ៕

    ប្រភព៖​ ក្រសួងព័ត៌មាន

    Share This Post: