អង្គការ UNFPA បន្តផ្តល់សម្ភារៈបរិក្ខារពេទ្យ ដើម្បី «គាំពារសុខភាពមាតានិងទារក» ដល់ជនភៀសសឹក នៅតាមព្រំដែន
(រាជធានីភ្នំពេញ)៖ អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា បានឱ្យដឹងនៅព្រឹកថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២៦ នេះ ថា អង្គការ UNFPA បន្តផ្តល់សម្ភារៈបរិក្ខារពេទ្យ ដើម្បី «គាំពារសុខភាពមាតានិងទារក» ដល់ជនភៀសសឹក នៅតាមព្រំដែន។ លោកស្រី Sandra Bernklau តំណាងមូលនិធិប្រជាជននៃអង្គការសហប្រជាជាតិប្រចាំកម្ពុជា (UNFPA) បាននាំយកសម្ភារៈបរិក្ខារពេទ្យចំនួន៧០កញ្ចប់ ប្រគល់ដល់ក្រសួងសុខាភិបាលកម្ពុជា ដើម្បីសង្គ្រោះជីវិត និងគាំពារសុខភាពបន្តពូជនៅសហគមន៍តាមព្រំដែនមានជម្លោះជាប់ប្រទេសថៃ។

ពិធីនេះ ធ្វើឡើងក្រោមអធិបតីភាព រដ្ឋមន្ត្រីសុខាភិបាកម្ពុជា ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា នៅថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២៦ នេះ។ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ អង្គការ UNFPA ដែលបានផ្តល់ការគាំទ្រទាន់ពេលវេលា និងប្រកបដោយតម្លៃមិនអាចកាត់ថ្លៃបាន ដល់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសម្រាប់ស្ត្រី មាតា និងទារក ដែលរងផលប៉ះពាល់ដោយសារជម្លោះនៅតាមតំបន់ព្រំដែន ហើយ «កញ្ចប់សម្ភារទាំង៧០ ដែលរួមមានឧបករណ៍វេជ្ជសាស្ត្រសង្គ្រោះជីវិត និងឱសថសំខាន់ៗនឹងត្រូវដាក់ពង្រាយ ដើម្បីធានានិរន្តរភាពនៃសេវាថែទាំមាតា និងទារក ការពារហានិភ័យនៃការស្លាប់របស់មាតា និងឆ្លើយតបទៅនឹងតម្រូវការសុខភាពរបស់ប្រជាពលរដ្ឋដែលភៀសខ្លួន»។
ចំណែកលោកស្រី Sandra Bernklau ក៏បានថ្លែងអំណរគុណចំពោះការដឹកនាំរបស់លោករដ្ឋមន្ត្រី ដែលបានជំរុញឱ្យមានការបញ្ជូនក្រុមសុខភាពចល័តពីមន្ទីរពេទ្យជាតិ ទៅកាន់ខេត្តដែលរងផលប៉ះពាល់នៅតាមបណ្តាខេត្តជាប់ព្រំដែន។
គួរជ្រាបថា កញ្ចប់សម្ភារៈបរិក្ខារទាំងនោះ រួមមាន៖ កញ្ចប់សម្ភារសម្រាប់ការសម្អាត និងអនាម័យ ដើម្បីគាំទ្រដល់ការសម្រាលកូនដោយសុវត្ថិភាពនៅជំរំភៀសសឹក និងក្នុងសហគមន៍, ឧបករណ៍ជំនួយក្នុងការសម្រាលកូន ក្នុងនោះមានទាំងឧបករណ៍ដែលអាចប្រើឡើងវិញបាន និងឱសថសំខាន់ៗសម្រាប់គ្រឹះស្ថានសុខាភិបាល, កញ្ចប់សម្រាប់សង្គ្រោះបន្ទាន់ និងថែទាំផ្នែកសម្ភព ដើម្បីគ្រប់គ្រងផលវិបាកនៃការវះកាត់នៃផ្នែកសម្ភពនៅមន្ទីរពេទ្យបង្អែកខេត្ត, កញ្ចប់ឧបករណ៍ឯកទេសសំខាន់ៗសម្រាប់គ្រប់គ្រងផលវិបាកនៃការរលូតកូន ។ល។ តាមក្រសួងសុខាភិបាល កញ្ចប់ជំនួយសម្ភារបរិក្ខារចំនួន៧០កញ្ចប់នេះ ត្រូវបានបញ្ជូនទៅឃ្លាំងឱសថកណ្តាល រួមមានឧបករណ៍វេជ្ជសាស្ត្រ និងថ្នាំពេទ្យជាច្រើនប្រភេទដែលត្រូវការសម្រាប់ការសង្គ្រោះថែទាំផ្នែកសម្ភព និងទារកទើបនឹងកើត៕



