ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចធិបតី ៖ ក្នុងគ្រាដ៏លំបាកដែលប្រទេសជាតិបានទទួលរងនូវសង្រ្គាមឈ្លានពានមកលើអធិបតេយ្យភាព និងបូរណភាពទឹកដី, យើងត្រូវពង្រឹងសាមគ្គីភាពជាតិ និងចាត់ទុកការប្រយុទ្ធប្រឆាំង «ឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ជាអាទិភាពការពារកេរ្តិ៍ឈ្មោះកម្ពុជា

    BY soknita January 13, 2026
    សម្តេចធិបតី ៖ ក្នុងគ្រាដ៏លំបាកដែលប្រទេសជាតិបានទទួលរងនូវសង្រ្គាមឈ្លានពានមកលើអធិបតេយ្យភាព និងបូរណភាពទឹកដី, យើងត្រូវពង្រឹងសាមគ្គីភាពជាតិ និងចាត់ទុកការប្រយុទ្ធប្រឆាំង «ឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ជាអាទិភាពការពារកេរ្តិ៍ឈ្មោះកម្ពុជា

    (រាជថានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២៦ ក្នុងគ្រាដ៏លំបាកដែលប្រទេសជាតិយើងបានទទួលរងនូវសង្រ្គាមឈ្លានពានមកលើអធិបតេយ្យភាព និងបូរណភាពទឹកដី, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញសារលិខិតជូនជនរួមជាតិ ដោយអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរគ្រប់រូប រួបរួមសាមគ្គីគ្នាជាធ្លុងមួយក្នុងគ្រាដ៏លំបាក ដើម្បីការពារអធិបតេយ្យភាពជាតិ និងបានគូសបញ្ជាក់យ៉ាងច្បាស់ថា ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺជាកិច្ចការអាទិភាពមួយដែលរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ខ្ពស់បំផុត។

    នៅក្នុងសារលិខិតនេះ សម្តេចធិបតី បានសម្តែងនូវការកោតសរសើរចំពោះស្មារតីស្នេហាជាតិ និងការឈឺចាប់របស់ប្រជាជនខ្មែរ ចំពោះការគំរាមកំហែងដល់អធិបតេយ្យភាព និងបូរណភាពទឹកដី។ សម្តេចបានមានប្រសាសន៍ថា៖ «គន្លឹះសំខាន់របស់ជាតិយើងនាពេលនេះ គឺយើងត្រូវប្រែក្លាយការលំបាករបស់ជាតិ… ឱ្យក្លាយទៅជាកម្លាំងតស៊ូដ៏រឹងមាំរបស់ជាតិ និងគោលដៅដ៏ពិសិដ្ឋរបស់ជាតិ ពោលគឺការរួបរួមសាមគ្គីភាពគ្នាជាធ្លុងមួយ»។

    ទន្ទឹមនឹងការអំពាវនាវឱ្យមានឯកភាពជាតិ សម្តេចនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើបញ្ហាសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ជាពិសេសគឺ «ឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា»។ សម្តេចបានគូសបញ្ជាក់ថា នេះគឺជាចំណុចដ៏សំខាន់បន្ថែមលើកិច្ចការអាទិភាពផ្សេងទៀត ដោយសារតែឧក្រិដ្ឋកម្មនេះមានភាពស្មុគស្មាញ និងមានបណ្តាញប្រទាក់ក្រឡាឆ្លងដែន ដែលបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សង្គមជាតិ។

    សម្តេចធិបតី ហ៊ុន ម៉ាណែត បានអះអាងថា ការកំណត់យកការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មនេះ ជាអាទិភាពក្នុងរបៀបវារៈនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ មិនមែនជាការចៃដន្យឡើយ ប៉ុន្តែវាគឺជាការប្តេជ្ញាចិត្តដ៏មុតស្រួច ក្នុងការដោះស្រាយក្តីកង្វល់រួមរបស់កម្ពុជា តំបន់ និងពិភពលោក។

    សម្តេចបវរធិបតី បានថ្លែងបញ្ជាក់ថា៖ «ខ្ញុំពិតជាចង់ឃើញណាស់នូវការចូលរួម… ពីសំណាក់ប្រជាជនខ្មែរយើងគ្រប់ស្រទាប់វណ្ណៈ គ្រប់និន្នាការ ក៏ដូចជាមន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន កងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ដើម្បីយើងរួបរួមគ្នាជាកម្លាំងមហាសាមគ្គីជាតិខ្មែរ សំដៅលុបបំបាត់នូវរាល់បញ្ហាអសកម្មពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា»។

    គោលបំណងសំខាន់នៃការបោសសម្អាតឧក្រិដ្ឋកម្មនេះ មិនត្រឹមតែដើម្បីធានាសុខសុវត្ថិភាពជូនពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែគឺដើម្បី «លើកកម្ពស់កេរ្តិ៍ឈ្មោះដ៏ប្រពៃនៃព្រះរាជាណាចក្រកម្ពុជានៅលើឆាកអន្តរជាតិ» ផងដែរ។

    ជាចុងបញ្ចប់ សម្តេចនាយករដ្ឋមន្ត្រី បានជូនពរដល់បងប្អូនជនរួមជាតិទាំងអស់ សូមសមប្រកបដោយពុទ្ធពរទាំង ៤ប្រការ និងមានសេចក្តីសុខចម្រើនគ្រប់ៗគ្នា៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: