ក្រសួងការពារជាតិ៖ ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះពិនិត្យជាក់ស្តែងនៅតំបន់ប្រាសាទព្រះវិហារ និងទីតាំងស៊ីវិលដែលរងការខូចខាត ដើម្បីផ្ទៀងផ្ទាត់បទឈប់បាញ់
យោងទៅតាមការចុះផ្សាយពី ក្រសួងព័ត៌មាន បានឱយដឹងថា ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះពិនិត្យជាក់ស្តែងនៅតំបន់ប្រាសាទព្រះវិហារ និងទីតាំងស៊ីវិលដែលរងការខូចខាត ដើម្បីផ្ទៀងផ្ទាត់បទឈប់បាញ់។

ដោយគិតចាប់តាំងពីការចូលជាធរមាននៃបទឈប់បាញ់រវាងកម្ពុជា និងថៃ កាលពីចុងខែធ្នូ ឆ្នាំ ២០២៥ មកទល់នឹងថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២៦ នេះ ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដោយមានការសម្របសម្រួលពីភាគីកម្ពុជា បានចុះពិនិត្យ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានការណ៍ជាក់ស្តែងនៅតាមតំបន់ព្រំដែនសំខាន់ៗ រាប់បញ្ចូលទាំងតំបន់ប្រាសាទព្រះវិហារ និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលដែលរងការខូចខាត។ នេះបើតាមការបញ្ជាក់របស់ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៅថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២៦ នេះ។
លោកជំទាវអ្នកនាំពាក្យ បានឱ្យដឹងថា បន្ទាប់ពីកិច្ចព្រមព្រៀងសន្តិភាព និងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជាបានគោរព និងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវបទឈប់បាញ់។ ទន្ទឹមនឹងនេះ កម្ពុជាបានផ្តល់ការគាំទ្រពេញទំហឹងដល់ក្រុម AOT ដើម្បីចុះបំពេញបេសកកម្មរបស់ខ្លួនក្នុងការធានាភាពត្រឹមត្រូវ តម្លាភាព និងការកសាងទំនុកចិត្តឡើងវិញ។
យោងតាមសេចក្តីប្រកាសព័ត៌មាន ចាប់ពីដើមសប្តាហ៍នៃខែមករា ឆ្នាំ២០២៦ ក្រុមការងារសម្របសម្រួលនៃកម្ពុជា (CLG) បានជូនដំណើរក្រុម AOT ចុះទៅកាន់ទីតាំងចំនួន ៤ ក្នុងខេត្តឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ និងចុងក្រោយនៅខេត្តព្រះវិហារ ដែលជាទីតាំងស៊ីវិល និងតំបន់បេតិកភណ្ឌពិភពលោក ដែលក្រសួងការពារជាតិអះអាងថា ត្រូវរងការខូចខាតធ្ងន់ធ្ងរដោយសារការវាយប្រហាររបស់យោធាថៃ។
បេសកកម្មសំខាន់ៗរបស់ AOT រួមមាន៖
ថ្ងៃទី៤ មករា៖ ចុះពិនិត្យស្ពានអូរជីក (ព្រំប្រទល់ឧត្តរមានជ័យ-សៀមរាប)។
ថ្ងៃទី៥ មករា៖ ចុះពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិជាំ (ស្រុកអន្លង់វែង)។
ថ្ងៃទី៦ មករា៖ ចុះពិនិត្យភូមិព្រៃចាន់ និងភូមិជោគជ័យ (ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ)។
ថ្ងៃទី៨ មករា៖ ចុះពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ (ក្រុងសំរោង)។
ថ្ងៃទី១០ មករា៖ ចុះពិនិត្យច្រកបឹងត្រកួន និងសួរសុខទុក្ខជនភៀសសឹកនៅជំរំវត្តកណ្តោល (ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ)។
ថ្ងៃទី១៣ មករា (ថ្ងៃនេះ)៖ ចុះពិនិត្យភូមិសាស្ត្រឃុំស្រអែម និងតំបន់ប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក។
ក្រសួងការពារជាតិកម្ពុជា បានគូសបញ្ជាក់ជំហរសារជាថ្មីថា កម្ពុជាប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងធម្មនុញ្ញអាស៊ាន ដោយប្រឆាំងដាច់ខាតនូវការប្រើប្រាស់កម្លាំង និងប្តេជ្ញាស្វែងរកដំណោះស្រាយយុត្តិធម៌ និងយូរអង្វែង ដើម្បីសន្តិភាព និងការអភិវឌ្ឍសម្រាប់ប្រជាជននៃប្រទេសទាំងពីរ៕









ប្រភព៖ ក្រសួងព័ត៌មាន