ក្រសួងធនធានទឹក និងឧតុនិយម បញ្ជាក់ សីតុណ្ហភាពក្នុងខេត្តមួយចំនួនអាចចុះត្រជាក់ដល់ ១៦អង្សា ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី ១៧ ខែមករា
(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៦ នេះ ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងពីអាកាសធាតុ នៅប្រទេសកម្ពុជា សម្រាប់ថ្ងៃទី ១៥ ដល់ថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២៦ នេះ ថា សីតុណ្ហភាពក្នុងខេត្តមួយចំនួន អាចចុះត្រជាក់ដល់ ១៦°C ។

យោងតាមព្រឹត្តិបត្រព័ត៌មាន ពីស្ថានភាពធាតុអាកាសធាតុ នៅប្រទេសកម្ពុជា សម្រាប់ថ្ងៃទី ១៥ ដល់ថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២៦ ដោយនៅតំបន់វាលទំនាប មានសីតុណ្ហភាពមធ្យមអប្បបរមា ១៨°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣០°C។ ខ្យល់បក់ មកពីទិសឧត្តរ និងទិសឦសានមានល្បឿនមធ្យម៥ម៉ែត្រ/វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង សៀមរាប ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល ស្វាយរៀង តាកែវ និងរាជធានីភ្នំពេញ ពុំមានភ្លៀងធ្លាក់ទេ។
ចំពោះតំបន់ខ្ពង់រាប សីតុណ្ហភាពមធ្យមអប្បបរមា ១៦°C និងសីតុណ្ហភាពមធ្យមអតិបរមា ២៩°C។ ខ្យល់បក់ មកពីទិសឧត្តរ និងទិសឦសានមានល្បឿនមធ្យម ៦ម៉ែត្រ/វិនាទី។ ខេត្តឧត្តរមានជ័យ ប៉ៃលិន ព្រះវិហារ ក្រចេះ រតនគិរី មណ្ឌលគិរី កំពង់ស្ពឺ ស្ទឹងត្រែង តំបន់ជួរភ្នំក្រវាញ និងជួរ ភ្នំដងរែក ពុំមានភ្លៀងធ្លាក់ទេ។
ដោយឡែកតំបន់មាត់សមុទ្រវិញ សីតុណ្ហភាពមធ្យមអប្បបរមា ១៨°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣១°C។ ខ្យល់បក់ មកពីទិសឦសាន និងទិសអាគ្នេយ៍មានល្បឿនមធ្យម ៥ម៉ែត្រ/វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ ពុំមានភ្លៀងធ្លាក់ទេ រីឯរលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,០០ ម៉ែត្រ៕
ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម