ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អតីតប្រធានាធិបតីកូរ៉េខាងត្បូង ត្រូវតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារ ៥ឆ្នាំ ក្នុងសំណុំរឿងប្រកាសច្បាប់អាជ្ញាសឹកដ៏ចម្រូងចម្រាស

    BY Pheakdey January 17, 2026
    អតីតប្រធានាធិបតីកូរ៉េខាងត្បូង ត្រូវតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារ ៥ឆ្នាំ ក្នុងសំណុំរឿងប្រកាសច្បាប់អាជ្ញាសឹកដ៏ចម្រូងចម្រាស

    កូរ៉េខាងត្បូង៖ តុលាការក្រុងសេអ៊ូលសម្រេចផ្តន្ទាទោសអតីតប្រធានាធិបតី នៃប្រទេសកូរ៉េខាងត្បូង គឺលោក Yoon Suk Yeol ឱ្យជាប់ពន្ធនាគាររយៈពេល ៥ឆ្នាំ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី១៧ ខែមករា។ គួររម្លឹកជូនថា លោក Yoon Suk Yeol អាយុ ៦៥ឆ្នាំ ត្រូវបានចាប់ខ្លួន ក្រោយរូបលោកបានប្រកាសច្បាប់អាជ្ញាសឹកដ៏ចម្រូងចម្រាសមួយកាលពីអំឡុងខែធ្នូ ឆ្នាំ២០២៤។

    នៅក្នុង​សវនាការ​ដែល​មានការចាក់ផ្សាយ​តាមបណ្តាញទូរទស្សន៍ទូទាំងប្រទេសកូរ៉េខាងត្បូង តុលាការក្រុងសេអ៊ូលបានរកឃើញថា លោក Yoon Suk Yeol បានប្រព្រឹត្តបទល្មើសជាច្រើនករណី រួមមានទាំងការក្លែងបន្លំឯកសារផ្លូវការ ប្រកាសអនុវត្តច្បាប់អាជ្ញាសឹកនៅទូទាំងប្រទេសកូរ៉េខាងត្បូងដោយផ្ទុយពីច្បាប់រដ្ឋធម្មនុញ្ញ និងរារាំងអាជ្ញាធរក្នុងការអនុវត្តដីកាចាប់ខ្លួនលោកផងដែរ។ សូមបញ្ជាក់ជូនថា យោងទៅតាមច្បាប់នៅក្នុងប្រទេសកូរ៉េខាងត្បូង គឺការប្រកាសអនុវត្តច្បាប់អាជ្ញាសឹកអាចត្រូវបានធ្វើឡើង លុះត្រាំតែមានការពិភាក្សានៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីជាផ្លូវការ ខណៈនាពេលកន្លងមក លោក Yoon Suk Yeol បានប្រកាសអនុវត្តច្បាប់ដ៏សំខាន់នេះភ្លាមៗដោយមានការសម្រេចចិត្តតែតែម្នាក់ឯងប៉ុណ្ណោះក្នុងនាមរូបលោកជាប្រធានាធិបតី៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Strait Time

    Share This Post: