អភិបាលខេត្តតាកែវ ចុះពិនិត្យទីតាំងគម្រោងសាងសង់ប្រាសាទកណ្ដាលបឹងតាកែវ នឹងត្រៀមបើកការដ្ឋានផ្លូវការនៅដើមខែកុម្ភៈខាងមុខ
(ខេត្តតាកែវ) ៖ តាមការចុះផ្សាយពី ក្រសួងមហាផ្ទៃ នៅថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២៦ នេះ បានឱ្យដឹងថាអភិបាលខេត្តតាកែវ អញ្ជើញចុះពិនិត្យទីតាំងគម្រោងសាងសង់ប្រាសាទកណ្ដាលបឹងតាកែវ នឹងត្រៀមបើកការដ្ឋានផ្លូវការនៅដើមខែកុម្ភៈខាងមុខ។

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ អមដំណើរដោយលោកអភិបាលរងខេត្ត និងមន្រ្តីជំនាញពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យទីតាំងគម្រោងសាងសង់ប្រាសាទកណ្ដាលបឹងតាកែវ ដែលនឹងត្រៀមបើកការដ្ឋានផ្លូវការនៅថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ ២០២៦ ខាងមុខនេះ។តាមរយៈសមិ្ធទិផលនេះ វានឹងជួយលើកមុខមាត់ក្រុងដូនកែវ ដែលជាបេះដូងនៃខេត្តតាកែវកាន់តែស្រស់ស្អាត ពិសេសទាក់ទាញបាននូវភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកលេងកម្សាន្តកាន់តែច្រើន ក៏ដូចជាជួយបង្កើនសេដ្ឋកិច្ចក្នុងខេត្ត និងដល់ប្រជាពលរដ្ឋផងដែរ។
គម្រោងសាងសង់ប្រាសាទកណ្ដាលបឹងតាកែវនេះ គឺជាគំនិតផ្ដួចផ្ដើមរបស់រដ្ឋបាលខេត្តតាកែវ ដោយទទួលបានការគាំទ្រ និងចូលរួមបរិច្ចាគថវិកាពីសប្បុរសជននានាជិតឆ្ងាយ។ សំណង់នេះត្រូវបានកសាងឡើងក្នុងគោលបំណងរំលឹកដល់ប្រវត្តិសាស្ត្រដ៏រុងរឿងនៃទឹកដីតាកែវ ក៏ដូចជាទុកជាមរតកវប្បធម៌សម្រាប់មហាជនគោរពសក្ការបូជាតទៅអនាគត។
សូមបញ្ជាក់ផងដែរថា គម្រោងសាងសង់ប្រាសាទកណ្ដាលបឹងតាកែវនេះ សាងសង់អំពីបេតុងអាមេយ៉ាងរឹងមាំ ដោយមានការបិទ និងក្រាលលម្អដោយថ្មភក់ ប្រកបដោយភាពផ្ចិតផ្ចង់ ប្រាសាទមានរាងចតុកោណ ដែលមានបណ្តោយ ៦,៥៦ ម៉ែត្រ និងទទឹង ៦ ម៉ែត្រ ចំណែកឯកម្ពស់សរុបឡើងដល់ ៩ ម៉ែត្របំពាក់ដោយដំបូលជ្រុងក្រឡូមតាមលក្ខណៈបុរាណ និងបញ្ចប់ដោយកំពូលប្រាសាទមានរូបរាងជា “ក្រពុំឈូក” ដែលជានិមិត្តរូបនៃភាពបរិសុទ្ធ និងភាពរីកចម្រើន៕


ប្រភព៖ ក្រសួងមហាផ្ទៃ