ខ្យល់ពុល! ក្រសួងបរិស្ថានកម្ពុជា បដិសេធ ចំពោះការចុះផ្សាយរបស់កាសែតថៃមួយ ដែលថាការបំពុលខ្យល់នៅទីក្រុងបាងកក មានប្រភពមកពីភ្លើងឆេះ នៅក្នុងប្រទេសកម្ពុជា
(រាជធានីភ្នំពេញ)៖ ក្រសួងបរិស្ថាន ចេញសេចក្តីប្រកាសព័ត៌មាន បដិសេធ ចំពោះការចុះផ្សាយរបស់កាសែត The Nation ថា ការបំពុលខ្យល់នៅទីក្រុងបាងកក មានប្រភពមកពីភ្លើងឆេះ នៅក្នុងប្រទេសកម្ពុជា។

ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងបរិស្ថាន បដិសេធការចុះផ្សាយរបស់កាសែត The Nation ដែលបានលើកឡើងថាការបំពុលខ្យល់នៅទីក្រុងបាងកក មានប្រភពមកពីភ្លើងឆេះនៅក្នុងប្រទេសកម្ពុជា។ ឆ្លើយតបទៅនឹងអត្ថបទដែលមានចំណងជើងថា «វិបត្តិនៃការកើនឡើងកម្រិតភាគល្អិតនិចល PM2.5 នៅទីក្រុងបាងកក គឺជាការរួមចំណែកពីភ្លើងឆេះដែលកើតឡើងនៅក្នុងប្រទេសកម្ពុជា (Bangkok Suffocates in PM 2.5 as Cambodia’s Fires Contribute to Crisis) ដែលបានចុះផ្សាយនៅថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៦ ដែលបានលើកឡើងថាការបំពុលខ្យល់នៅទីក្រុងបាងកកគឺមានការរួមចំណែកសំខាន់ពីភ្លើងឆេះ ដែលកើតមាននៅក្នុងប្រទេសកម្ពុជា។
ក្រសួងបរិស្ថានសូមផ្តល់ការបំភ្លឺដល់ស្ថាប័នសារព័ត៌មាន ជាពិសេស សារព័ត៌មាន The Nation និងសាធារណជនជាតិ និងអន្តរជាតិ ដើម្បីធានាបាននូវការយល់ដឹងត្រឹមត្រូវ និងស្ថានភាពនៃការបំពុលខ្យល់ នៅក្រុងបាងកក ដោយផ្អែកលើភស្តុតាងបច្ចេកទេស និងលក្ខខណ្ឌឧតុនិយម ដូចខាងក្រោម៖
១-ការបំពុលខ្យល់ដោយការកើនឡើងកំហាប់ភាគល្អិតនិចល PM2.5 នៅទីក្រុងបាងកក គឺកើតឡើង ដោយប្រភពក្នុងស្រុកជាចម្បង ដូចជា ការបំភាយពីការដឹកជញ្ជូន ដោយក្នុងនោះទីក្រុងបាងកកមានចំនួន យានយន្ត និងសកម្មភាពចរាចរណ៍មមាញឹកខ្លាំង ការបំភាយពីសកម្មភាពឧស្សាហកម្ម ធូលីពីការដ្ឋានសំណង់ និងការប្រើប្រាស់ថាមពលក្នុងទីក្រុង។ ប្រភពទាំងនេះ រួមផ្សំជាមួយនឹងលក្ខខណ្ឌឧតុនិយមក្នុងស្រុកដែល មិនអំណោយផល ដូចជាបាតុភូតបញ្ច្រាស់សីតុណ្ហភាព (Temperature inversion) និងការធ្លាក់ចុះរយៈ កម្ពស់បរិយាកាសខាងក្រោម (low atmospheric mixing height) ដើរតួនាទីយ៉ាងសំខាន់ធ្វើឱ្យសារធាតុ បំពុលដែលមានប្រភពក្នុងស្រុកប្រមូលផ្តុំ និងមានការកើនឡើង បង្កការបំពុលបរិយាកាសនៅក្នុងទីក្រុង បាងកក។
២-យោងតាមលទ្ធផលស្ថានីយតាមដានត្រួតពិនិត្យគុណភាពខ្យល់នៅជិតព្រំដែនកម្ពុជា-ថៃ កំហាប់ PM2.5 មានការកើនឡើងលើសស្តង់ដារបន្តិច (ក្នុងកម្រិតសន្ទស្សន៍ព័ណលឿង)។ ប៉ុន្តែនេះមិនមានន័យថា ខ្យល់ពីប្រទេសកម្ពុជាទៅបំពុលទីក្រុងបាងកកនោះទេ ដោយហេតុថា (១)កម្ពុជាកំពុងទទួលរបបខ្យល់ មូសុងប្រាំងដែលមានទិសដៅខ្យល់បក់ពីទិសខាងជើងមកត្បូង មានន័យថាទិសខ្យល់បក់ទៅឈូងសមុទ្រ ដូចបង្ហាញនៅក្នុងផែនទីទិសខ្យល់របស់មជ្ឈមណ្ឌលឧតុនិយមអាស៊ាន (ASMC) (២)អំឡុងពេលដែលទីក្រុងបាងកកជួបប្រទះបញ្ហាបំពុលខ្យល់ កម្ពុជាបាននិងកំពុងជួបប្រទះលក្ខខណ្ឌអាកាសធាតុមិនអំណោយផល ដូចគ្នា ដូចជាការជួបប្រទះនឹងខ្យល់ត្រជាក់ស្ងប់ ដែលជាកត្តាយ៉ាងសំខាន់ធ្វើឱ្យការបក់យកភាគល្អិតនិចល មិនបានរយៈចម្ងាយឆ្ងាយ ពោលមិនអាចទៅដល់ទីក្រុងបាងកកបានឡើយ៕


ប្រភព៖ Ministry of Environment