រដ្ឋបាលខេត្តពោធិ៍សាត់ ចេញសេចក្តីបំភ្លឺព័ត៌មាន ៤ចំណុច ពាក់ព័ន្ធនឹងការផ្សព្វផ្សាយព័ត៌មានមិនពិតរបស់គណនីហ្វេសប៊ុកមួយ ដែលបានផ្សាយថា «ស្ពានមេទឹកដែលសៀមទម្លាក់គ្រា-ប់កម្ទេចថ្ងៃមុន ឥឡូវទាហានសៀមចូលកាន់កាប់ឈរជើងហើយ»
(ខេត្តពោធិ៍សាត់)៖ យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២៦ នេះ បានឱ្យដឹងថា រដ្ឋបាលខេត្តពោធិ៍សាត់ ចេញសេចក្តីបំភ្លឺព័ត៌មាន ៤ចំណុច ពាក់ព័ន្ធនឹងការផ្សព្វផ្សាយព័ត៌មានមិនពិតរបស់ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Sarath Sun ដែលបានចុះផ្សាយថា «ស្ពានមេទឹកដែលសៀមទម្លាក់គ្រាប់កម្ទេចថ្ងៃមុន ឥឡូវទាហានសៀមចូលកាន់កាប់ឈរជើងហើយ»។

ក្នុងសេចក្ដីបំភ្លឺបានបញ្ជាក់ឱ្យដឹងថា នៅថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២៦ មានម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Sarath Sun បានចុះផ្សាយលើ គណនីហ្វេសបុករបស់ខ្លួនថា “ចូលជ្រៅណាស់ ចូលដោយសេរី បើតាមការអះអាងរបស់អភិបាលខេត្តពោធិ៍សាត់ លោក ខូយ រីដា ស្ពានមេទឹកដែលសៀមទម្លាក់គ្រាប់កម្ទេចថ្ងៃមុន ឥឡូវទាហានសៀមចូលកាន់កាប់ឈរជើងហើយ…។
ពាក់ព័ន្ធករណីនេះ រដ្ឋបាលខេត្តពោធិ៍សាត់ សូមជម្រាបជូនដល់សាធារណជន និងបណ្តាញផ្សព្វផ្សាយ ព័ត៌មានទាំងអស់ឱ្យបានជ្រាបថា៖
១. ស្ពានស្ទឹងមេទឹកដែលពីមុនទាហានសៀមបានរំលោភបំពាន តាមរយៈការកំទេចស្ពានដោយយន្តហោះ F-16 កន្លងទៅនោះ បច្ចុប្បន្នពុំមានទាហានសៀមចូលកាន់កាប់ដូចការចុះផ្សាយរបស់គណនីហ្វេសបុក ឈ្មោះ Sarath Sun ឡើយ។ ជាក់ស្តែងទីតាំងនោះត្រូវបានជំនាញសាធារណការកំពុងធ្វើការជួសជុល និងសម្រួលផ្លូវធ្វើដំណើរជូនបងប្អូនប្រជាពលរដ្ឋដែលវិលត្រឡប់ទៅតាមលំនៅឋានដើមរបស់គាត់វិញ។
២. កាលពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២៦ កន្លងទៅថ្មីៗនេះ ឯកឧត្តមអភិបាលខេត្តពោធិ៍សាត់ ក៏បាន អមដំណើរ និងបានធ្វើការបង្ហាញជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) នៅទីតាំងចំនួន៤ ក្នុងនោះ ទីតាំងចំនួន ២រួមមាន ចំណុចអូរភ្លុកដំរី និងច្រកជ័យជំនះ(ច្រកផ្លូវ៥៦) មានផលប៉ះពាល់ដោយ ទាហានសៀមរំលោភឈ្លានពានចូលរាយបន្លាលួសក្នុងទឹកដីកម្ពុជា។ ចំពោះទីតាំងចំនួន ២ទៀតរួមមាន ស្ពានស្ទឹងមេទឹក និងចំណុច (ច១) ត្រូវបានទាហានសៀមរំលោភបំពាន ដោយការបំផ្លិចបំផ្លាញ ខូចខាតហេដ្ឋារចនាសម្ព័ន្ធ និងទ្រព្យសម្បត្តិតែប៉ុណ្ណោះ ពុំមានការរំលោភចូលកាន់កាប់ទឹកដីរបស់ កម្ពុជាយើងនោះឡើយ។ ហើយជាក់ស្តែងនៅក្នុងថ្ងៃនោះដដែល ឯកឧត្តមអភិបាលខេត្ត ក៏បានផ្តល់ បទសម្ភាសន៍ ជូនទូរទស្សន៍នៅលើទីតាំងស្ពានស្ទឹងមេទឹកផ្ទាល់តែម្តង។
៣. ក្រោយពីមានបទឈប់បាញ់កាលពីថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៥ ប្រជាពលរដ្ឋក្នុងឃុំថ្មដា ស្រុកវាលវែង ដែលបានជម្លៀសមកមណ្ឌលសុវត្ថិភាពនោះ ត្រូវបានវិលត្រឡប់ទៅកាន់លំនៅឋានដើមគាត់វិញប្រមាណ ៩០%ហើយ ជាពិសេសប្រជាពលរដ្ឋដែលរស់នៅម្តុំស្ពានស្ទឹងមេទឹកកំពុងរស់នៅជាធម្មតា ហើយ ថែមទាំងបានផលិតអំបោសផ្កាស្មៅលក់ ដើម្បីរួមចំណែកកែលម្អជីវភាពទៀតផង។
៤. រដ្ឋបាលខេត្តពោធិ៍សាត់ សូមធ្វើការច្រានចោលទាំងស្រុងចំពោះការផ្សាយរបស់គណនីហ្វេសបុកឈ្មោះ Sarath Sun ដែលជាការផ្សាយមិនពិត ហើយយករូបថតចាស់ពីមុនមកផ្សាយ ក្នុងគោលបំណង ដើម្បីបំភ្លើស ញុះញង់ បំពុលបរិយាកាសសង្គម និងអាចធ្វើឱ្យសាធារណជនមានការយល់ច្រលំ។ អាស្រ័យហេតុនេះ សូមសាធារណជន និងបណ្តាញសារព័ត៌មានទាំងអស់មេត្តជ្រាបជាព័ត៌មាន៕



ប្រភព៖ ក្រសួងព័ត៌មាន