ក្នុងឆ្នាំ ២០២៥ ខេត្តកំពត ទទួលបានភ្ញៀវទេសចរ ជិត ៣លាននាក់
(ខេត្តកំពត)៖ យោងតាមការចេញផ្សាយពី អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា នៅថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២៦ នេះ បានឱ្យដឹងថា ក្នុងឆ្នាំ ២០២៥ ខេត្តកំពត ទទួលបានទេសចរ ជិត ៣លាននាក់។ នេះបើតាម លោកប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានគូសបញ្ជាក់ថា ក្នុងឆ្នាំ ២០២៥ ខេត្តកំពត ទទួលបានភ្ញៀវទេសចរ ជាង២លាន៨សែននាក់ ខណៈ ភ្ញៀវទេសចរ ឥឡូវនេះកំពុងចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើ តំបន់ទេសចរណ៍សំខាន់ៗក្នុងខេត្ត។

ថ្លែងប្រាប់ វិទ្យុជាតិកម្ពុជា លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានឱ្យដឹងថា ខេត្កកំពត មានគោលដៅទេសចរណ៍ និងរម្មណីយដ្ឋាន សរុបជាង៤០ ដែលសុទ្ធតែទទួលបាននូវការពង្រឹងសេវាកម្មស្តង់ដារកាន់តែប្រសើរ ។
លោក បានបញ្ជាក់ទៀតថា សូម្បីក្រុងកំពត ក៏បានក្លាយជាប៉ូលដ៏ចាំបាច់ ដែលមានភ្ញៀវទេសចរមកកំសាន្ត ពីថ្ងៃចន្ទដល់ថ្ងៃអាទិត្យ ខណៈថ្ងៃចុងសប្តាហ៍កំណើនក៏កាន់តែច្រើន ។
លោក សយ ស៊ីណុលបានចាត់ទុក តំបន់ប៉ូលសំខាន់ៗសម្រាប់វិស័យទេសចរណ៍ ក្នុងការទាក់ទាញ និងពេញនិយម មានដូចជាក្រុងកំពត តំបន់ទឹកឈូ ភ្នំបូកគោ តំបន់ម្រេច និងតំបន់ខាងកើតក្រុងកំពតជាដើម។
«ឥឡូវនេះ សូម្បីនិយាយអំពីក្រុងកំពត ក្លាយជាប៉ូលដ៏ចាំបាច់ ដែលមានអ្នកមកលេងពេញតែម្តងពីថ្ងៃចន្ទដល់ថ្ងៃអាទិត្យ អត់ថាថ្ងៃចន្ទ ឬថ្ងៃអាទិត្យនោះទេ គ្រាន់តែកំណើនថ្ងៃចុងសប្តាហ៍ច្រើនជាងថ្ងៃធម្មតា។ ប៉ូលទី២របស់យើងគឺតំបន់ទឹកឈូ ជាកន្លែងធំទូលាយនិងវែង តាមដងព្រែកកំពង់បាយ។ ប៉ូលទី៣ភ្នំបូកគោនិងតំបន់ម្រេច និងតំបន់ខាងកើតក្រុងកំពតរបស់យើង មានន័យថា ប៉ូលទាំងអស់សុទ្ធតែមានភ្ញៀវច្រើន។ក្នុង ឆ្នាំ២០២៥កន្លងមក យើងទទួលបានភ្ញៀវ រហូតទៅដល់២លាន៨សែននាក់ ក្នុងនោះភ្ញៀវអន្តរជាតិជាង១០ម៉ឺននាក់»។
គួរជម្រាបថា ក្នុងឆ្នាំ២០២៤កន្លងទៅ ខេត្តកំពតទទួលបានភ្ញៀវទេសចរ ជាង២លាន៦សែននាក់ ខណៈឆ្នាំ២០២៥ បានកើនឡើងដល់២លាន៨សែននាក់ ។នេះសរបញ្ជាក់ឱ្យឃើញថា កំណើនភ្ញៀវទេសចរបានកើនឡើង មួយកម្រិតថែមទៀត និងជាសញ្ញាវិជ្ជមានមួយ សម្រាប់វិស័យទេសចរណ៍ក្នុងខេត្តកំពត៕










ប្រភព៖ អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា