សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេស A នៅថ្ងៃទី ១០ ខែកុម្ភៈខាងមុខ
(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២៦ នេះ ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេស A នៃការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២៨ សីហា ២០២៥ នៅថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២៦ ខាងមុខនេះ។

ក្នុងសេចក្ដីជូនដំណឹងពី ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់លម្អិតថា ចំពោះពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេស A នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈកម្រិត៣
ក្រសួងអប់រំ យុវជន និងកីឡា សូមជម្រាបជូន មាតា បិតា អាណាព្យាបាលសិស្ស និងសិស្សនិទ្ទេស A ទាំងអស់ជ្រាបថា៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា នឹងអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់បំផុតក្នុងពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេស A នៃការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៨ សីហា ២០២៥ និងការប្រឡងសញ្ញាបត្របច្ចេកទេសនិង វិជ្ជាជីវៈកម្រិត៣ សម័យប្រឡង៖ ២៨ កក្កដា ២០២៥ នៅថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២៦ វេលាម៉ោង ៧:០០នាទីព្រឹក នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ៕

ប្រភព៖ MoEYS Cambodia