នៅឆ្នាំ ២០២៥ កម្ពុជាទាញចំណូលបានជាង ៥ ពាន់លានដុល្លារ ពីការនាំចេញស្រូវ-អង្ករ
(រាជធានីភ្នំពេញ)៖ តាមការចុះផ្សាយពី ទូរទស្សន៍ជាតិកម្ពុជា ទទក នៅថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២៦ នេះ បានឱ្យដឹងថា នៅឆ្នាំក្នុង ២០២៥ កន្លងមក ប្រទេសកម្ពុជា ទាញចំណូលបានជាង ៥ ពាន់លានដុល្លារ ពីការនាំចេញស្រូវ-អង្ករ។ ការនាំចេញស្រូវ-អង្ករ បានជិត ១៥ លានតោន នៅក្នុងឆ្នាំ ២០២៥ កើនឡើង ២៧,៨៣% ធៀបនឹងឆ្នាំ ២០២៤ ដោយរកចំណូលបានប្រមាណ ៥ ពាន់លានដុល្លារ។ ក្នុងផលិតកម្មកសិកម្ម មានលទ្ធភាពគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់តម្រូវការក្នុងស្រុក និងអាចធានបាននូវសន្តិសុខស្បៀងសម្រាប់ប្រជាពលរដ្ឋទោះបីស្ថិតក្នុងស្ថានភាពឈ្លានពានពីប្រទេសថៃ។

យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម បង្ហាញថា នៅក្នុងឆ្នាំ ២០២៥ ការនាំចេញផលិតផលដំណាំសរុបចំនួន ១៤.៩១០.៤៨០ តោន កើនឡើង ២៧,៨៣% ធៀបនឹងឆ្នាំ ២០២៤ ក្នុងនោះការនាំចេញស្រូវសម្រេចបាន ៦.៨៥៩.៩៣០ តោន កើនឡើង ៤៨,៨៥%, អង្ករ ចំនួន ៩៤០.៣២១ កើន ៤៥,៥៩% និងផលិតផលដំណាំក្រៅពីស្រូវ-អង្ករចំនួន ៧.១១០.២២៩ តោន។
ក្នុងឆ្នាំ ២០២៥ តុល្យភាពស្បៀងនៃបរិមាណផលស្រូវរដូវវស្សា ដែលនៅសល់ពីការនាំចេញ និងការប្រើប្រាស់ក្នុងស្រុកចំនួន ៥.០៨៥.៧៨៧ តោន (គិតជាអង្ករ ៣.២៥៤.៩០៤) ដែលនៅតែអាចផ្គត់ផ្គង់ កាប្រើប្រាស់ក្នុងស្រុក និងសម្រាប់ការនាំចេញ។
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម បានថ្លែង នៅក្នុងរបាយការណ៍ថា នៅក្នុងឆ្នាំ ២០២៥ ការនាំចេញផលិតផលដំណាំ មានលក្ខណៈល្អប្រសើរ កើនឡើង ២៧,៨៣% ធៀបនឹងឆ្នាំ ២០២៤។
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម បន្ថែមថា ផលិតកម្មស្រូវ អង្ករ ដំណាំរួមផ្សំ ឈើហូបផ្លែ បន្លែ ត្រី សាច់សត្វ មានលទ្ធភាពគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់តម្រូវការក្នុងស្រុក និងអាចធានបាននូវសន្តិសុខស្បៀងសម្រាប់ប្រជាពលរដ្ឋទោះបីស្ថិតក្នុងស្ថានភាពឈ្លានពានពីភាគីថៃ មកលើកម្ពុជាក៏ដោយ ការនាំចេញផលិតផលកសិកម្មនៅតែបន្តជាធម្មតា៕




ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក