ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    នាយរងផ្នែកចរាចរណ៍នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ត្រូវបានអគ្គស្នងការដ្ឋាននគរបាលជាតិ អញ្ជើញទៅបំភ្លឺ ពាក់ព័ន្ធករណីលុយចំនួន ១៦០,០០០ដុល្លារ

    BY soknita January 27, 2026
    នាយរងផ្នែកចរាចរណ៍នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ត្រូវបានអគ្គស្នងការដ្ឋាននគរបាលជាតិ អញ្ជើញទៅបំភ្លឺ ពាក់ព័ន្ធករណីលុយចំនួន ១៦០,០០០ដុល្លារ

    (រាជធានីភ្នំពេញ)៖ នៅល្ងាចថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២៦ នេះ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា លោកស្រីអនុសេនីយ៍ឯក ឈុំ សុភារុណ នាយរងផ្នែកចរាចរណ៍នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ត្រូវបានអគ្គស្នងការដ្ឋាននគរបាលជាតិ អញ្ជើញទៅបំភ្លឺ ពាក់ព័ន្ធករណីលុយចំនួន ១៦០,០០០ដុល្លារ។

    តាមការបញ្ជាក់លម្អិតពី ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ថ្មីៗ នេះ ក្រោយពីឃើញមានការផ្សព្វផ្សាយ ព័ត៌មាននៅតាមបណ្តាញសង្គម ដែលមានខ្លឹមសារថា ករណីឈ្មោះ ឈុំ សុភារុណ ភេទស្រី មន្រ្តីចរាចរនៃអធិការនគរបាលខណ្ឌសែនសុខ ដោយរងការចោទប្រកាន់ថាបានទទួលយកលុយចំនួន ១៦០,០០០ ដុល្លារ (ដប់ប្រាំមួយម៉ឺនដុល្លារអាមេរិច) ដើម្បីរត់ការឯកសារឱ្យជនជាតិចិនតៃវ៉ាន់ចំនួន ១០នាក់ ប៉ុន្តែរត់ការមិនបានសម្រេច។

    បន្ទាប់មកម្ចាស់ទាមទារយកលុយទាំងនោះមកវិញ តែមន្រ្តីនគរបាលចរាចរខាងលើមិនព្រមប្រគល់លុយទាំងនោះមកម្ចាស់ដើមវិញនោះឡើយ។

    បន្ទាប់ពីទទួលបានព័ត៌មានខាងលើនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យអធិការនគរបាលខណ្ឌសែនសុខ ធ្វើការស្រាវជ្រាវ ចំពោះលោកស្រីអនុសេនីយ៍ឯក ឈុំ សុភារុណ ឋានៈនាយរងផ្នែកចរាចរណ៍នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ គឺត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌនៃអគ្គស្នងការដ្ឋាននគរបាលជាតិ អញ្ជើញទៅបំភ្លឺ ដើម្បីសួរនាំតាមជំនាញរបស់សមត្ថកិច្ច ពាក់ព័ន្ធករណីយកលុយចំនួន ១៦០,០០០ដុល្លារ (ដប់ប្រាំមួយម៉ឺនដុល្លារអាមេរិច) នៅថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២៦៕

    ប្រភព៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

    Share This Post: