កម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិ ជាង ៥.៥លាននាក់ ក្នុងឆ្នាំ ២០២៥
តាមការចុះផ្សាយពី អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា នៅថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២៦ នេះ បានឱ្យដឹងថា ប្រទេសកម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិ ជាង ៥.៥លាននាក់ ក្នុងឆ្នាំ ២០២៥។ នេះបើយោងតាមរបាយការណ៍ របស់ក្រសួងទេសចរណ៍ បានបង្ហាញថា កម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិ ជាង ៥.៥ លាននាក់ ក្នុងឆ្នាំ២០២៥ ថយប្រមាណ ១៦.៩% បើធៀបនឹងឆ្នាំ២០២៤ ដែលមានចំនួន ៦.៧ លាននាក់។

ក្នុងរបាយការណ៍ បានបញ្ជាក់ថា ទេសចរវៀតណាម ឈរនៅលំដាប់ទី១ ដែលមានចំនួន១.២២ លាននាក់ ធ្លាក់ចុះ ៨.៨%។ តាមពីក្រោយវៀតណាម គឺទេសចរចិនមានចំនួន១.២០លាននាក់ កើន ៤១.៤% ខណៈទេសចរថៃ ឈរនៅលំដាប់ទី៣ ដែលមានចំនួនជាង១ លាននាក់ ធ្លាក់ចុះ៥២%។ បន្ទាប់មក គឺភ្ញៀវទេសចរអាមេរិកមានចំនួន២០ ម៉ឺននាក់ ធ្លាក់ចុះ ៣.៦% និងទេសចរកូរ៉េជាង១៥ ម៉ឺននាក់ ធ្លាក់ចុះ ២០.៦%។ ចំណែកទេសចរមកពីឥណ្ឌូនេស៊ី មានជាង១៤ម៉ឺននាក់ និងមកពីបារាំង មានជាង១៣ម៉ឺននាក់។
ក្រសួងទេសចរណ៍ បានបញ្ជាក់ផងដែរថា ក្នុងចំណោមភ្ញៀវទេសចរអន្តរជាតិ ជាង ៥.៥លាននាក់ក្នុងឆ្នាំ ២០២៥នេះ ក្នុងនោះទទូលបានភ្ញៀវទេសចរតាមផ្លូវអាកាស មានចំនួន២.៨លាននាក់ កើនឡើង១៩.២% និងតាមផ្លូវគោកចំនួន ២.៦លាននាក់ ថយចុះ ៣៧.៨% ខណៈតាមផ្លូវទឹកទទួលបានជាង ៩៨ម៉ឺននាក់ កើនឡើង ៦.៣%។
បើទោះបីជាចំនួនភ្ញៀវទេសចរអន្តរជាតិថយចុះជាង១០%ក៏ដោយ ប៉ុន្តែចំណូលដែលទទួលបាន ពីវិស័យទេសចរណ៍អន្តរជាតិ ត្រូវបានប៉ាន់ប្រមាណថា មានចំនួន៣.៧ ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៥ កើនឡើង ៣% បើធៀបនឹងឆ្នាំ២០២៤។ នេះបើយោងតាមរបាយការណ៍២០២៥ របស់ធនាគារជាតិ។
ធនាគារជាតិនៃកម្ពុជា ក៏បានឱ្យដឹងថា វិស័យទេសចរណ៍កម្ពុជា បានបន្តងើបឡើងវិញ នាឆមាសទី១ ឆ្នាំ២០២៥ ដែលគាំទ្រដោយការធ្វើពិពិធកម្មទិសដៅទេសចរណ៍ និងការបង្កើនការតភ្ជាប់ជើងហោះហើរត្រង់។ ទោះជាយ៉ាងណា ចាប់ពីដើមឆមាសទី២ ឆ្នាំ២០២៥ ការផ្ទុះអាវុធកម្ពុជា-ថៃទាំងពីរលើក និងបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យានៅក្នុងតំបន់ បានធ្វើឱ្យវិស័យទេសចរណ៍ ទទួលរងផលប៉ះពាល់ ដែលធ្វើឱ្យកំណើនក្នុងវិស័យនេះថមថយ៕



