ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋបាលខេត្តសៀមរាប ជំរុញលើគម្រោងគំរូប្លង់ស្ថាបត្យកម្ម ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ សម្រាប់សហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុកឱ្យកាន់តែទាក់ទាញភ្ញៀវទេសចរ

    BY soknita January 28, 2026
    រដ្ឋបាលខេត្តសៀមរាប ជំរុញលើគម្រោងគំរូប្លង់ស្ថាបត្យកម្ម ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ សម្រាប់សហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុកឱ្យកាន់តែទាក់ទាញភ្ញៀវទេសចរ

    (ខេត្តសៀមរាប)៖ កាលពីពេលថ្មីនេះ រដ្ឋបាលខេត្តសៀមរាប បានជំរុញលើគម្រោងកម្រិតបច្ចេកទេសលើគំរូប្លង់ស្ថាបត្យកម្ម ដើម្បីលើកកម្ពស់វិស័យ ទេសចរណ៍ សម្រាប់សហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុកឱ្យកាន់តែទាក់ទាញភ្ញៀវទេសចរ។

    រដ្ឋបាលខេត្តសៀមរាប បានបើកកិច្ច ប្រជុំ នៅថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២៦ ដើម្បីផ្ទៀងផ្ទាត់ កម្រិតបច្ចេកទេសលើគំរូប្លង់ស្ថាបត្យកម្មគម្រោងលើកកម្ពស់ភាពទាក់ទាញទេសចរណ៍សម្រាប់សហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុក ក្រោមការដឹកនាំពី ឯកឧត្តម គឹម សេរីរដ្ឋ អនុប្រធាន ប្រចាំផ្នែកផែនការអភិវឌ្ឍន៍ បណ្តុះបណ្តាល និងនីតិកម្ម នៃលេខាធិការដ្ឋានគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ និង លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប ដោយមានការចូលឬួមពីលោក លោកស្រី តំណាងមន្ទីរអង្គភាពពាក់ព័ន្ធជាច្រើនរូប។

    លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ថា ការលើកគម្រោងនេះឡើង គឺដើម្បីលើកស្ទួយវិស័យទេសចរសម្រាប់សហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុក ឱ្យកាន់តែមានភាពរីកចម្រើន ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋនៅទីនោះមានការងារធ្វើ និងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិកាន់តែច្រើន ដែលអាចទទួលបានប្រាក់ចំណូលគួរសមក្នុងមូលដ្ឋានផងដែរ។ លោកអភិបាលរងបន្តថា ក្នុងនាមរដ្ឋបាលខេត្តនឹងបន្តដឹកនាំសម្របសម្រួល ដល់អ្នកពាក់ព័ន្ធទាំងអស់ ក្នុងការគាំទ្រគម្រោងនេះ និងការអនុវត្តជាក់ស្ដែង ក្នុងពេលវេលាដ៏សមស្របណាមួយ ហើយអាចយកទីតាំងណាមួយធ្វើជាគំរូ ដើម្បីឱ្យសហគមន៍ទេសចរកំពង់ភ្លុកក្លាយជាគោលដៅទេសចរគំរូ ធានាគុណភាព ការទាក់ទាញ សម្រាប់ពេលបច្ចុប្បន្ន និងអនាគត។

    លោកអភិបាលរង ក៏បានណែនាំ ដល់អាជ្ញាធរមូលដ្ឋាន ត្រូវផ្សព្វផ្សាយដល់បងប្អូនជាអាជីវករនៅកំពង់ភ្លុក រៀបចំរបៀបរៀបរយបន្ថែមទៀតក្នុងការលក់ដូរ ដើម្បីឱ្យកាន់តែទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិមកទេសចរកាន់តែច្រើន។ លោកអភិបាលរងក៏បានជុំរុញ ដល់អ្នកពាក់ព័ន្ធទាំងអស់យកចិត្តទុកដាក់គាំទ្រដល់គម្រោងបច្ចេកទេសលើគំរូប្លង់ស្ថាបត្យកម្ម តបទៅតាមបរិយាបទទន្លេសាប រួមជាមួយការងារបរិស្ថាន និងអាជ្ញាធរមូលដ្ឋានត្រូវណែនាំ ដល់អ្នករត់ទូក កាណូតទាំងអស់ពង្រឹងការយកចិត្តទុកដាក់ទៅលើភ្ញៀវទេសចរដែលមកកាន់កំពង់ភ្លុក។

    ជាមួយគ្នានេះដែរ ឯកឧត្តម គឹម សេរីរដ្ឋ មានប្រសាសន៍ថា គម្រោងនេះគឺក្នុងគោលដៅឱ្យសេដ្ឋកិច្ចរីកចម្រើនទាក់ទាញភ្ញៀវទេសចរមកលេងខេត្តសៀមរាបកាន់តែច្រើន និងជួយដល់អាជីវករក្នុងមូលដ្ឋានមានចំណូលប្រចាំថ្ងៃ។ ឯកឧត្ដមបន្តថា ទោះបីជាកិច្ចប្រជុំនេះមានរយៈពេលខ្លីតែយើងបានសម្រេចលទ្ធផលជាផ្លែផ្កាគឺទទួលបាននូវការគាំទ្រទាំងស្រុងលើ គម្រោងនេះ គឺដើម្បីលើកស្ទួយទេសចរសម្រាប់សហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុកបន្ថែមទៀត៕

    ប្រភព៖ រដ្ឋបាលខេត្តសៀមរាប

    Share This Post: