ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឯកឧត្តម ប៉ែន បូណា ៖ តាមរយៈលិខិតតវ៉ារបស់ក្រសួងស្ថាប័នពាក់ព័ន្ធ គឺបញ្ជាក់ពីជំហររាជរដ្ឋាភិបាលការពារទឹកដី

    BY soknita January 30, 2026
    ឯកឧត្តម ប៉ែន បូណា ៖ តាមរយៈលិខិតតវ៉ារបស់ក្រសួងស្ថាប័នពាក់ព័ន្ធ គឺបញ្ជាក់ពីជំហររាជរដ្ឋាភិបាលការពារទឹកដី

    (រាជធានីភ្នំពេញ) ៖ អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា នៅរសៀលថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២៦ បានឱ្យដឹងថា ឯកឧត្តម ប៉ែន បូណាបានលើកឡើងថា តាមរយៈលិខិតតវ៉ារបស់ក្រសួងស្ថាប័នពាក់ព័ន្ធគឺបានបញ្ជាក់ ពីជំហរច្បាស់លាស់របស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការការពារអធិបតេយ្យភាពកម្ពុជា។

    ក្នុងសេចក្តីថ្លែងការណ៍ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានថ្លែងថា ក្នុងអំឡុងពេល៦ខែចុងក្រោយនេះ ក្រសួងនិងស្ថាប័ននានារបស់រាជរដ្ឋាភិបាលបានចេញសេចក្តីប្រកាសព័ត៌មាន កំណត់ទូតតវ៉ា សេចក្តីថ្លែងការណ៍ ញត្តិថ្កោលទោស និងលិខិតបកស្រាយ ឬបំភ្លឺឆ្លើយតបផ្សេងៗគ្រប់ទម្រង់សរុបចំនួនជិត៧០០លើក ។ ការឆ្លើយតប ក៏ដូចជាការបញ្ជាក់ជំហររបស់កម្ពុជាដោយផ្ទាល់មាត់ តាមរយៈការរៀបចំធ្វើបច្ចុប្បន្នភាពរបស់អ្នកនាំពាក្យជាប្រចាំថ្ងៃចំនួនជិត២០០លើក។ 

    ឯកឧត្តមបន្តថា ក្រៅពីនោះ នៅមានការធ្វើបទបង្ហាញ ឬដឹកនាំអង្គទូត តំណាងអង្គការអន្តរជាតិ អ្នកសង្កេតការណ៍អាស៊ាន (AOT) និងសម្របសម្រួលឱ្យអ្នកសារព័ត៌មានជាតិនិងអន្តរជាតិទៅមើលស្ថានភាពជាក់ស្តែងនៅតាមព្រំដែនជាច្រើនលើកទៀត។ 

    “សកម្មភាពទាំងនេះ បង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ និងគ្រប់ជ្រុងជ្រោយរបស់រាជរដ្ឋាភិបាល ក្នុងការការពារកិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ថ្នាក់ដឹកនាំ ប្រជាពលរដ្ឋ និងជាពិសេសការការពារបូរណភាពទឹកដីយ៉ាងម៉ឺងម៉ាត់បំផុត” ។ 

    អ្នកនាំពាក្យរាជរដ្ឋាភិបាលបញ្ជាក់ជាថ្មីថា កម្ពុជាប្រកាន់ជំហរដាច់ខាតក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយ ដែលកើតចេញពីការប្រើប្រាស់កម្លាំង៕

    ឯកឧត្តម ប៉ែន បូណា ៖ តាមរយៈលិខិតតវ៉ារបស់ក្រសួងស្ថាប័នពាក់ព័ន្ធ គឺបញ្ជាក់ពីជំហររាជរដ្ឋាភិបាលការពារទឹកដី

    ប្រភព៖ អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា

    Share This Post: