គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ដីឥដ្ឋ-ថ្មគរ សម្រេចបានជិត ៤០ភាគរយហើយ
(រាជធានីភ្នំពេញ)៖ នៅថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ២០២៦ នេះ តាមការចុះផ្សាយពី អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា បានឱបញ្ជាក់ថា គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ដីឥដ្ឋ-ថ្មគរ សម្រេចបានជិត ៤០ភាគរយហើយ។ អ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូន បានឱ្យដឹងថា គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ដីឥដ្ឋ-ថ្មគរ សម្រេចបានជិត៤០%ហើយ នឹងឈានទៅសម្រេចទៅតាមផែនការដែលបានគ្រោងទុក។

ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូន បានឱ្យដឹងថា គិតត្រឹមបំណាច់ខែមករា ឆ្នាំ២០២៦ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ(ដីឥដ្ឋ-ថ្មគរ) សម្រេចបាន៣៩,២%ហើយ ខណៈដែលគម្រោងនេះប្រើរយៈពេលសាងសង់៤៨ ខែ-គ្រោងបញ្ចប់ឆ្នាំ ២០២៨ ខាងមុខ។
ឯកឧត្តម បានបន្តថា សាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ដីឥដ្ឋ-ថ្មគរនេះជាទស្សនវិស័យរបស់រាជរដ្ឋាភិបាលសម្រាប់តភ្ជាប់សេដ្ឋកិច្ច ការដឹកជញ្ជូន ពីភាគខាងត្បូង និងខាងកើត រាជធានីភ្នំពេញ ដោយភា្ជប់មហាវិថី ស៊ី ជីនពីង (ក្រវាត់ក្រុងទី៣) ត្រង់ចំណុចផ្លូវជាតិលេខ១ និងព្រលានយន្តហោះថ្មី ត្រើយខាងកើតភ្ជាប់ទៅផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត។
សូមបញ្ជាក់ថា ស្ពានដីឥដ្ឋ-ថ្មគរ មានទីតាំងត្រើយខាងលិចស្ថិតក្នុងឃុំដីឥដ្ឋ ស្រុកកៀនស្វាយ និងត្រើយខាងកើតស្ថិតក្នុងឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល។ ស្ពានឆ្លងកាត់ទន្លេមេគង្គ(ដីឥដ្ឋ-ថ្មគរ ជាប្រភេទស្ពានបេតុង ប្រវែងស្ពាននិងផ្លូវក្បាលស្ពានសរុប: ៣ ៧០០ម៉ែត្រ តួស្ពានមានប្រវែងសរុប ១ ៦០០ ម៉ែត្រ និងទទឹង ២៦ម៉ែត្រ(៤គន្លងផ្លូវ)។ផ្លូវតភ្ជាប់ក្បាលស្ពាន ប្រវែង ២១០០ ម៉ែត្រ ទទឹងផ្លូវ ២៦ ម៉ែត្រ ក្រាលបេតុងកៅស៊ូ(AC) និងសាងសង់ផ្លូវបង្វែរទិសចរាចរណ៍៤ខ្សែ៕





