ការកសាងផ្លូវក្រវាត់ព្រំដែនសម្រេចបានជាង ៧២ភាគរយ គិតត្រឹមរយៈ ១៣ខែ
តាមការចុះផ្សាយរបស់់ អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា បានឱ្យដឹងថា គិតត្រឹមរយៈពេលប្រមាណ១៣ខែ កន្លងមកនេះ ក្រុមការងារចំពោះកិច្ចគ្រប់គ្រងមូលនិធិកសាង ហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើ ការកសាងផ្លូវក្រវាត់ព្រំដែន ជាលទ្ធផលរួមបានការកសាងផ្លូវក្រវាត់ព្រំដែនសម្រេចបានជាង ៧២ភាគរយ ក្នុងនោះបានឈូសផ្លូវទទឹង២០ម៉ែត្របានជាង ២១៧ គីឡូម៉ែត្រ និងកសាងតួផ្លូវសម្រេចបានជាង ១៨៩ គីឡូម៉ែត្រ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក.គ.ម. បានឱ្យដឹងថា ការកសាងផ្លូវក្រវាត់ព្រំដែន និងដំណើរការនៃ ការគ្រប់គ្រងមូលនិធិ កសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន គិតចាប់ពី ខែធ្នូ ឆ្នាំ២០២៤ មកដល់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ នេះ ក្រុមការងារចំពោះកិច្ច ក.គ.ម បានចាត់បញ្ជូនកម្លាំងវិស្វកម្មកសាងផ្លូវ ចំនួន ៨ កងឯកភាព ដោយប្រើប្រាស់ រថយន្ត-គ្រឿងចក្រ និងម៉ាស៊ីនគ្រប់ប្រភេទ ចំនួន ២៨៦ គ្រឿង ក្នុងនោះនៅខេត្តមណ្ឌលគិរី មាន ៥ កងឯកភាព ប្រើប្រាស់រថយន្ត-គ្រឿងចក្រ និងម៉ាស៊ីនគ្រប់ប្រភេទ ចំនួន ២០០ គ្រឿង និងខេត្តរតនគិរី មាន ៣ កងឯកភាព ប្រើប្រាស់រថយន្ត-គ្រឿងចក្រ និងម៉ាស៊ីនគ្រប់ប្រភេទចំនួន៨៦គ្រឿង។ បន្ថែមពីនោះ ចំពោះការងាររាវរកគ្រាប់មីន-យុទ្ធភណ្ឌមិនទាន់ផ្ទុះតាមមុខសញ្ញានៃការដ្ឋានស្ថាបនាផ្លូវក្រវាត់ព្រំដែន ត្រូវបានសម្រេចជាស្ថាពរលើផ្ទៃដីទំហំ ៦.០៤០.០០០ ម៉ែត្រការ៉េ ស្មើនឹង ៩៦,៦៤% នៃផ្ទៃដីសរុប ដែលគ្រោងរាវរក ទំហំ ៦.២៥០.០០០ ម៉ែត្រការ៉េ ដោយបានរកឃើញគ្រាប់គ្រប់ប្រភេទ ចំនួន ១០៦ គ្រាប់, លោហធាតុ ១.០០៦ គីឡូក្រាម ក្នុងនោះរួមមាន គ្រាប់ប៊ុមប៊ី (គ្រាប់បែកចង្កោម) ចំនួន ៤៣ គ្រាប់។
ក.គ.ម. បានបន្តថា វឌ្ឍនភាពនៃដំណើរការកសាងផ្លូវព្រំដែននៅក្នុងរយៈពេលប្រមាណ១៣ខែ កន្លងមកនេះ ក្រុមការងារ ចំពោះកិច្ច ក.គ.ម បានឈូសព្រៃទទឹង ៥ ម៉ែត្រ បានប្រវែង ២៤១,៦០ គីឡូម៉ែត្រ សម្រាប់រកផ្លូវខ្សែដំបូង, ឈូសផ្លូវទទឹង២០ម៉ែត្រ បានប្រវែង២១៧,៣០ គីឡូម៉ែត្រ សម្រាប់រកអ័ក្សផ្លូវ, លុបជ្រលង-អូរ បន្ទាបចំណោតភ្នំនិងធ្វើប្រឡាយប្រវែង១៨៩,៨គីឡូម៉ែត្រ, ចិតជញ្ជាំងភ្នំធ្វើប្រឡាយបង្ហូរទឹកភ្លៀង កសាងនូវទំនប់សុវត្ថិភាព និងកសាងតួផ្លូវសម្រេចបានប្រវែង១៨៩,៣គីឡូម៉ែត្រ, និងចាក់ក្រាលល្បាយកម្ទេចថ្ម-កិនបង្ហាប់បាន ប្រវែង១២០,២០គីឡូម៉ែត្រ។ ជាលទ្ធផលរួមនៃដំណើរការកសាងផ្លូវក្រវាត់ព្រំដែននេះ គឺសម្រេចបា ប្រមាណ ៧២,២៩% នៃផែនការរួម ក្នុងនោះ ខេត្តមណ្ឌលគិរី សម្រេចបាន ៩១,២% និងខេត្តរតនគិរី សម្រេចបាន ៥១,៨១%។
ក.គ.ម. បានបន្តទៀតថា ក្រុមការងារចំពោះកិច្ច បានកសាងបង្គោលស្លាកមូលនិធិបានចំនួន ៦ កន្លែង លើផែនការ ៨ កន្លែង និង បានដាំកូនត្នោតសរុបចំនួន៩៣៦ដើម ដែលជាអត្តសញ្ញាណជាតិ តាមបណ្តោយផ្លូវខ្សែក្រវាត់ព្រំដែនទី១។ បន្ថែមពីនោះទៀត ចំពោះមុខនេះ ក្រុមការងារចំពោះកិច្ច ក.គ.ម បាននិងកំពុងបន្តជំរុញការងារកសាងផ្លូវ និងសំណង់មុខទឹក ក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី ឱ្យសម្រេចបានជាស្ថាពរ ១០០% យ៉ាងយូរត្រឹមខែមីនា ឆ្នាំ ២០២៦ ខាងមុខ នេះ ពន្លឿនការងារកសាងផ្លូវ និងចាក់ក្រាលល្បាយថ្ម ជាពិសេសនៅតំបន់ដែលមានស្ថានភាពភូមិសាស្ត្រ លំបាក និងកែលម្អសំណង់ និងត្រួតពិនិត្យលក្ខណៈបច្ចេកទេស ដើម្បីធានាបានទាំងគុណភាព ភាពធន់ និងសោភ័ណភាព៕





