ក្រសួងរៀបចំដែនដី អំពាវនាវឱ្យពលរដ្ឋកំពុងរស់នៅលើសំណង់អគារអតីតសាលាបឋមសិក្សាបដិវត្តន៍ ទៅរកកន្លែងរស់នៅថ្មី
(រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ២០២៦ នេះ អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា បានឱ្យដឹងថា ក្រសួងរៀបចំដែនដី បានអំពាវនាវឲ្យប្រជាពលរដ្ឋដែលកំពុងរស់នៅលើសំណង់អគារចាស់ដែលជាអតីតសាលាបឋមសិក្សាបដិវត្តន៍ ដែលទីតាំងអគារ ស្ថិតនៅផ្លូវលេខ១៤៤ កែងផ្លូវលេខ៤៩ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយឱ្យទៅរកទីកន្លែងរស់នៅថ្មី ចាប់ទៅពីថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ ២០២៦។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.)បានឱ្យដឹងថា ការឱ្យពលរដ្ឋទៅរកកន្លែងថ្មីរស់នៅនេះ ដើម្បីបញ្ចៀសគ្រោះថ្នាក់ជាយថាហេតុណាមួយកើតឡើង ដោយសារអគារនេះ មានលក្ខណៈចាស់ទ្រុឌទ្រោមជាខ្លាំង ។
សេចក្តីប្រកាសព័ត៌មានបន្តថា យោងតាមលទ្ធផលរបស់ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានសំណង់ និង មន្ទីរពិសោធន៍ជាតិសំណង់ នៃក្រសួងដែនដីបានធ្វើការវិភាគគ្រឿងផ្គុំសំណង់អគារខាងលើឡើងវិញ ជាលទ្ធផល ពិនិត្យឃើញថា គុណភាពសំណង់អគារនេះមានការធ្លាក់ចុះខ្សោយយ៉ាងខ្លាំង ។ ក្នុងនោះ ស្រទាប់ បេតុងនិងសរសៃដែកភាគច្រើនបំផុតនៃធ្នឹម កម្រាលខណ្ឌ និងសសរ បានផ្ទាត់ចេញ និងមានស្នាមច្រែះធ្ងន់ធ្ងរ ដែលធ្វើឲ្យបាត់បង់គុណភាពនិងលទ្ធភាពទ្រទ្រង់អគារទាំងមូល ប្រឈមនឹងហានិភ័យបាក់រលំដែលអាចកើត មានឡើងជាយថាហេតុ និងបានចាត់ថ្នាក់អគារនេះថា ជា “សំណង់ដែលមានសភាពគ្រោះថ្នាក់ដែលអាចកើត មានឡើងភ្លាមៗ” ។
លិខិតបញ្ជាក់ថា ដើម្បីបង្ការនិងបញ្ចៀសគ្រោះថ្នាក់ដល់អាយុជីវិតរាងកាយរបស់ប្រជាពលរដ្ឋកំពុងរស់នៅ ប្រើប្រាស់ អាស្រ័យផលក្នុងអគារនិងដីកម្មសិទ្ធរបស់អគារអតីតសាលាបឋមសិក្សាបដិវត្តន៍ សំណង់ជិតខាង អ្នកជិតខាង និងសាធារណជន ក្រសួងរៀបចំដែនដី អំពាវនាវឲ្យប្រជាពលរដ្ឋដែលកំពុងរស់នៅលើអគារនេះ ស្វែងរកទីកន្លែងស្នាក់នៅថ្មីដែលមានសុវត្ថិភាពជាបន្ទាន់ គិតចាប់ពីថ្ងៃចេញសេចក្តីប្រកាសព័ត៌មាននេះតទៅ ដើម្បីក្រុមការងារ ចាប់ផ្តើមអនុវត្តការងារតម្លើង “ផ្ទាំងសេចក្តីប្រកាសព័ត៌មាន ស្តីពីការចាត់វិធានការបញ្ចៀសគ្រោះថ្នាក់ចំពោះ អគារអតីតសាលាបឋមសិក្សាបដិវត្តន៍” ។
លិខិតឲ្យដឹងទៀតថា ក្នុងរយៈពេលយ៉ាងយូរ ៣០ថ្ងៃ បើមិនព្រមចាកចេញទេ ក្រសួង និងរដ្ឋបាលរាជធានីភ្នំពេញ នឹងមិនអនុញ្ញាតឱ្យមានការបន្តស្នាក់នៅឬប្រើប្រាស់អគារនេះទៀតឡើយ និងធ្វើការហ៊ុព័ទ្ធ និងហាមចូលសំណង់អគារនេះ៕




