វេទិកាការងារគ្រោងនាំយកឱកាសការងារ ៨៧ ៣៦១កន្លែង ជូនអតីតពលករដែលត្រឡប់មកពីថៃ និងពលរដ្ឋខេត្តបាត់ដំបង និងខេត្តប៉ៃលិននៅចុងសប្ដាហ៍នេះ
(រាជធានីភ្នំពេញ)៖ នៅថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ ២០២៦ នេះ តាមការបង្ហោះរបស់ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា វេទិកាការងារគ្រោងនាំយកឱកាសការងារ ៨៧ ៣៦១កន្លែងជូនអតីតពលករដែលត្រឡប់មកពីថៃ និងពលរដ្ឋខេត្តបាត់ដំបង និងខេត្តប៉ៃលិននៅចុងសប្ដាហ៍នេះ។

តាមរយៈវេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ គ្រោងនាំយកឱកាសការងារចំនួន ៨៧ ៣៦១កន្លែងសម្រាប់បងប្អូនអតីតពលករខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃ និងប្រជាពលរដ្ឋខេត្តបាត់ដំបង និងប៉ៃលិន នៅថ្ងៃទី ៧ ដល់ថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ ២០២៦ ខាងមុខនេះ។ បើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងការងារនៅថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ២០២៦ បានឱ្យដឹងថា បងប្អូនអតីតពលករដែលវិលត្រឡប់មកកម្ពុជា និងបងប្អូនប្រជាពលរដ្ឋនៅខេត្តបាត់ដំបង និងខេត្តប៉ៃលិន កំពុងស្វែងរកការងារ អាចអញ្ជើញមកដាក់ពាក្យ និងសម្ភាសការងារជាមួយក្រុមហ៊ុន រោងចក្រ សហគ្រាសធំៗដោយផ្ទាល់នៅទីតាំងចំនួន ៤ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៣រសៀល។
ក្នុងសេចក្ដីជូនដំណឹងបន្តថា នៅថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ ២០២៦ គ្រោងរៀបចំនៅខេត្តប៉ៃលិន ស្រុកសាលាក្រៅ នៅក្នុងបរិវេណសាលាស្រុក សាលាក្រៅ ហើយសម្រាប់ខេត្តបាត់ដំបង គ្រោងរៀបចំនៅស្រុកសំឡូត នៅក្នុងបរិវេណសាលាស្រុកសំឡូត។ សម្រាប់ថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ ២០២៦ គ្រោងរៀបចំនៅក្នុងបរិវេណវិទ្យាល័យ ក្រុងទេពនិមិត្ត ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ រីឯនៅខេត្តបាត់ដំបង គ្រោងរៀបចំនៅស្រុករតនមណ្ឌល នៅក្នុងបរិវេណសាលាបឋមសិក្សា អ៊ីនស៊ីដារ៉េផងដែរ។
បន្ថែមពីលើនេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានអំពាវនាវដល់បងប្អូនអតីតពលករដែលមានបំណងស្វែងរកការងារ នឹងទទួលបាន «ការដឹកជញ្ជូនមកចូលរួមកម្មវិធី ផ្ដល់ជូនទាំងអាហារ និងភេសជ្ជៈ» ដោយឥតគិតថ្លៃ ហើយសម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងទៅលេខទូរស័ព្ទ ១២៩៧៕



ប្រភព៖ ស៊ុន មេសា