ជនជាតិបរទេសជាង ២៨៩នាក់ ត្រូវបានបណ្ដេញចេញពីកម្ពុជា តាមច្រកព្រំដែនអន្តរជាតិបាវិត និងច្រកអាកាសអន្តរជាតិតេជោ ក្រោយរកឃើញជាប់ពាក់ព័ន្ធករណីលួ-ចឆ្លងដែនស្នាក់នៅ និងធ្វើការងារខុសច្បាប់
(រាជធានីភ្នំពេញ)៖ នៅថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ ២០២៦ នេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឱ្យដឹងថា ជនជាតិបរទេសជាង ២៨៩នាក់ ត្រូវបានបណ្ដេញចេញពីកម្ពុជា តាមច្រកព្រំដែនអន្តរជាតិបាវិត និងច្រកអាកាសអន្តរជាតិតេជោ ក្រោយរកឃើញជាប់ពាក់ព័ន្ធករណីលួ-ចឆ្លងដែនស្នាក់នៅ និងធ្វើការងារខុសច្បាប់។

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបញ្ជាក់ថា កាលពីថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ ២០២៦ ដោយអនុវត្តតាមឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បន្តធ្វើការបណ្តេញជនបរទេសសរុបចំនួន ២៨៩នាក់ (ស្រី៤១នាក់) មាន ៧សញ្ជាតិ រួមមានវៀតណាម បង់ក្លាដេស ចិន នីហ្សេរីយ៉ា ចិនតៃវ៉ាន់ ឥណ្ឌា ឥណ្ឌូនេស៊ី។ ក្នុងនោះមានជនជាតិវៀតណាម (១៧៦នាក់) ចេញពីព្រះរាជាណាចក្រកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត និងតាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសអន្តរជាតិតេជោ ដែលពាក់ព័ន្ធករណីលួចឆ្លងដែន ស្នាក់នៅធ្វើការងារខុសច្បាប់ក្នុងព្រះរាជាណាចក្រកម្ពុជា៕


ប្រភព៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍