ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    គណបក្សចំនួន៣ កំពុងប្រជែងគ្នាខ្លាំងក្នុងការបោះឆ្នោតនៅថៃ ខណៈក្រុមអ្នកជំនាញមើលឃើញ ពីហានិភ័យនៃអស្ថិរភាពក្រោយការបោះឆ្នោត

    BY Pheakdey February 8, 2026
    គណបក្សចំនួន៣ កំពុងប្រជែងគ្នាខ្លាំងក្នុងការបោះឆ្នោតនៅថៃ ខណៈក្រុមអ្នកជំនាញមើលឃើញ ពីហានិភ័យនៃអស្ថិរភាពក្រោយការបោះឆ្នោត

    ថៃ៖ នៅទីបំផុតការបោះឆ្នោតមុនអាណត្តិនៅក្នុងប្រទេសថៃបានចាប់ផ្តើមនៅក្នុងថ្ងៃទី៨ ខែកុម្ភៈនេះហើយ ខណៈគេបានរំពឹងថា គណបក្សធំៗចំនួន ៣អាចនឹងទទួលបានសំឡេងគាំទ្រច្រើនជាងគេពីការបោះឆ្នោតនៅទូទាំងប្រទេស។ គណបក្សនយោបាយទាំង ៣នោះ រួមមានគណបក្ស People’s Party  ដែលត្រូវបានគេដឹងថា ជាអតីតគណបក្ស Move Forward ហើយជាទូទៅគណបក្សនយោបាយមួយនេះមានការគាំច្រើនពីសំណាក់ក្រុមយុវជននិងពលរដ្ឋនៅក្នុងទីក្រុង ចំពោះគោលនយោបាយកែទម្រង់របបនយោបាយ លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងតួនាទីយោធា។

    គណបក្សរបស់អតីតនាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul គឺគណបក្ស Bhumjaithai ក៏ត្រូវបានគេកត់សម្គាល់ថា​ ជាគណបក្សទទួលបានការគាំទ្រច្រើនសំណាក់ពលរដ្ឋថៃដែលមានស្មារតីជាតិនិយមជ្រុលផងដែរ។ គណបក្សនយោបាយដ៏ធំមួយទៀតដែលគេមិនអាចមើលរំលងបាននោះគឺគណបក្ស Pheu Thai ជាគណបក្សជាប់ពាក់ព័ន្ធនឹងក្រុមនយោបាយរបស់ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដ្បិតគណបក្សនយោបាយមួយនេះតែងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ពលរដ្ឋថៃទូទៅ។

    បើទោះជាលទ្ធនៃការបោះឆ្នោតនៅមិនទាន់បានបង្ហាញជាផ្លូវការក៏ពិតមែន តែក្រុមអ្នកតាមដាននយោបាយថៃបានព្យាករណ៍ថា គណបក្សទាំង ៣ខាងលើនេះ នឹងទទួលបានសំឡេងគាំទ្រច្រើនគេ តែពុំមានគណបក្សណាមួយនៅក្នុងចំណោមគណបក្សទាំង ៣នេះ នឹងទទួលបានសំឡេងគាំទ្រច្រើនដាច់ខាត ដើម្បីអាចមានសិទ្ធទៅបង្កើតរដ្ឋាភិបាលដោយខ្លួនឯងនោះទេ។ នៅចំពោះមុខសេណា​រី​យ៉ូនេះ ក្រុមអ្នកជំនាញនៅតែមើលឃើញថា ហានិភ័យនៃអស្ថិរភាពនៅក្នុងប្រទេសថៃនឹងបន្តកើតមាន ក្រោយការប្រកាសលទ្ធផលឆ្នោតជាផ្លូការ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Strait Time

    Share This Post: