ពងអណ្តើកហ្លួងចំនួន ២៥គ្រាប់ ត្រូវបានរកឃើញនៅឆ្នេរខ្សាច់នៃព្រែកកំពង់លើ ក្នុងប្រព័ន្ធព្រែកស្រែអំបិល ខេត្តកោះកុង
(ខេត្តកោះកុង)៖ ទូរទស្សន៍ជាតិកម្ពុជា ទទក បានឱ្យដឹងថា ពងអណ្តើកហ្លួងចំនួន ២៥គ្រាប់ ត្រូវបានរកឃើញនៅឆ្នេរខ្សាច់នៃព្រែកកំពង់លើ ក្នុងប្រព័ន្ធព្រែកស្រែអំបិល ខេត្តកោះកុង កាលពីថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២៦ មន្រ្តីជំនាញអភិរក្សនៃរដ្ឋបាលជលផលនិងអង្គការ WCS បានរកឃើញសំបុកអណ្តើកហ្លួង២ទីតាំង ដែលមានគ្រាប់ពងសរុប២៥គ្រាប់ នៅឆ្នេរខ្សាច់ចំណុចឈើទាល នៃព្រែកកំពង់លើ ក្នុងប្រព័ន្ធព្រែកស្រែអំបិល។ បច្ចុប្បន្ន ក្រុមការងារកំពុងការពារសំបុកទាំងនោះនិងតាមដានការញាស់ ដើម្បីធានាអត្រាគង់វង្សខ្ពស់។

ចំពោះអណ្តើកហ្លួងនេះ ត្រូវបានចាត់ជាប្រភេទឧរង្គសត្វនិមិ្មតរូប នៃព្រះរាជាណាចក្រសកម្ពុជា ថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០០៥ និងត្រូវបានចាត់ជាប្រភេទកំពុងរងគ្រោះថ្នាក់ ដោយអនុក្រឹត្យលេខ១២៣ របស់រាជរដ្ឋាភិបាល ចុះថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០០៩។ ប្រភេទនេះក៏ត្រូវបានចាត់ជាប្រភេទជិតផុតពូជ ក្នុងបញ្ជីក្រហមនៃអង្គការ IUCN និងស្ថិតក្នុងឧបសម្ព័ន្ធ១ នៃអនុញ្ញាសាយតេស ផងដែរ។
ប្រព័ន្ធព្រែកស្រែអំបិលគឺជាកន្លែងការពារ និងអភិរក្សដ៏សំខាន់បំផុតនៅកម្ពុជា ព្រោះជាកន្លែងតែមួយគត់ដែលអណ្តើកហ្លួងរស់នៅនិងពងកូន។ ដូចនេះ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយអង្គការ WCS រដ្ឋបាលខេត្តកោះកុងនិងព្រះសីហនុ អាជ្ញាធរមូលដ្ឋាន និងសហគមន៍នេសាទ បានយកចិត្តទុកដាក់ការរពារប្រភេទនេះចាប់ពីឆ្នាំ ២០០០ តាមរយៈការថែរក្សាប្រព័ន្ធអេកូឡូស៊ីក្នុងប្រព័ន្ធព្រែកស្រែអំបិល ការពង្រឹងការអនុវត្តច្បាប់ ការអប់រំផ្សព្វផ្សាយ និងការបង្កាត់ភ្ញាស់និងលែង ដើម្បីធានានិរន្តរភាពនៃប្រភេទនេះក្នុងដែនទឹកធម្មជាតិ៕




ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក