ក.ប.ប. ឱ្យបញ្ឈប់ការនាំចូល លក់ និងចែកចាយផលិតផលដែលមានបំពាក់ម៉ាក ឬរូបសញ្ញាជាតិ ឬព្រះរាជសង្ហារនៃព្រះរាជាណាចក្រកម្ពុជា
(រាជធានីភ្នំពេញ)៖ អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF បានចេញសេចក្ដីជូនដំណឹង នៅរសៀលថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២៦ នេះ បានឱ្យដឹងថា ក.ប.ប. ឱ្យបញ្ឈប់ការលក់ ផលិតផលដែលមានបំពាក់ម៉ាក ឬរូបសញ្ញាជាតិ ឬព្រះរាជសង្ហារនៃព្រះរាជាណាចក្រកម្ពុជា។ ដោយកាលពីពេលថ្មីៗនេះ តាមរយៈការអនុវត្ត សកម្មភាពចុះអង្កេតទីផ្សាររបស់ខ្លួន និងដោយទទួលបានសេចក្តីរាយការណ៍ពីសាធារណជនដែលជាអ្នកប្រើប្រាស់ មន្ត្រីស៊ើបអង្កេតនៃអគ្គនាយកដ្ឋាន ក.ប.ប. បានរកឃើញថា មានអាជីវករមួយចំនួនបានដាក់តាំងលក់នូវផលិតផល ដែលមានបំពាក់ម៉ាក ឬរូបសញ្ញា ដែលដូចគ្នានិង/ឬត្រាប់តាម ឬមានចំណុចណាមួយដូចសញ្ញាជាតិ ឬព្រះរាជសង្ហារ នៃព្រះរាជាណាចក្រកម្ពុជា ជាមួយគ្នានេះបុគ្គលប្រព្រឹត្តល្មើស ត្រូវទទួលទណ្ឌកម្ម និងការពិន័យយ៉ាងធ្ងន់ធ្ងរ ស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

ដូចដែលបានជម្រាបជូនខាងលើ អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង «ក.ប.ប.» មានគោលបំណង ដើម្បីលើកកម្ពស់តម្លៃនៃសញ្ញាជាតិ ទង់ជាតិ និងនិមិត្តរូបជាតិដែលការពារដោយច្បាប់ ធានានូវការការពារអ្នកប្រើប្រាស់និងការប្រកួតប្រជែងដោយស្មោះត្រង់នៅលើទីផ្សារ ព្រមទាំងអនុលោមភាពនៃការ ប្រើប្រាស់ម៉ាកសញ្ញាសម្រាប់បំពាក់លើផលិតផល អគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម សូមធ្វើការណែនាំ ដូចខាងក្រោម៖
ចំពោះពាណិជ្ជករ អាជីវករជាអ្នកលក់ ចែកចាយ បន្ត៖ ត្រូវបញ្ឈប់ការលក់ ចែកចាយ ព្រមទាំងរក្សាទុកជា បណ្តោះអាសន្ន នូវផលិតផលដែលមានបំពាក់ម៉ាកបរូបសញ្ញាខាងលើ និងត្រូវសហការជាមួយអគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម ដើម្បីអនុវត្តនីតិវិធីអង្កេតដានស្វែងរកប្រភពផលិត នាំចូល ចែកចាយ នូវ ផលិតផលទាំងនោះ
ចំពោះពាណិជ្ជករ អាជីវករជាអ្នកនាំចូល លក់ និងចែកចាយ៖ ត្រូវបញ្ឈប់ការនាំចូល លក់ ចែកចាយ នូវ ផលិតផលដែលមានបំពាក់ម៉ាកបរូបសញ្ញាខាងលើ ជាបន្ទាន់ និងត្រូវសហការជាមួយអគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម ក្នុងការអនុវត្តនីតិវីធីបន្តស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន
ចំពោះអ្នកប្រើប្រាស់ និងសាធារណជន៖ សូមជៀសវាងការទិញ នូវផលិតផលដែលមានបំពាក់ម៉ាកឬរូបសញ្ញា ខាងលើ ព្រមទាំងផ្តល់ព័ត៌មានមកអគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម ដើម្បីមានចំណាត់ការតាម នីតិវិធី។
អាស្រ័យហេតុនេះ សូម ពាណិជ្ជករ អាជីវករ អ្នកប្រើប្រាស់ និងសាធារណជនទាំងអស់ មេត្តាទទួលជ្រាប និង សហការផ្តល់ព័ត៌មានមកអគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម តាមរយៈទូរស័ព្ទលេខ ១២៦៦៕


ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF