ក្រសួងមហាផ្ទៃ ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ប្រព័ន្ធទទួលពាក្យបណ្តឹងអនឡាញ
(រាជធានីភ្នំពេញ)៖ តាមរយៈសេចក្ដីជូនដំណឹងរបស់ ក្រសួងព័ត៌មាន កាលពីថ្មីៗនេះ បានឱ្យដឹងថា ក្រសួងមហាផ្ទៃ ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ប្រព័ន្ធទទួលពាក្យបណ្តឹងអនឡាញ។

ក្រសួងមហាផ្ទៃ បានបញ្ជាក់បន្ថែមថា ដើម្បីបង្ក លក្ខណៈងាយស្រួលក្នុងការជួយពន្លឿននីតិវិធី ដោះស្រាយ និងឆ្លើយតបជូនប្រជាពលរដ្ឋបានឆាប់រហ័ស សំដៅដល់ការដោះស្រាយបណ្តឹងតវ៉ា និងបណ្តឹងបរិហារបស់ប្រជាពលរដ្ឋ ពាក់ព័ន្ធសមត្ថកិច្ចនិងសកម្មភាព របស់មន្ត្រីរាជការក្របខ័ណ្ឌក្រសួងមហាផ្ទៃ និងដើម្បីអង្កេតស្រាវជ្រាវ ស្វែងរកយុត្តិធម៌ ភាពស្អាតស្អំជូនភាគី ពាក់ព័ន្ធ ក្រសួងមហាផ្ទៃ នឹងដាក់ឱ្យប្រើប្រាស់ជាផ្លូវការប្រព័ន្ធទទួលពាក្យបណ្តឹងអនឡាញជូនសាធារណជន ទូទៅ ហៅជាភាសាអង់គ្លេស “Complaint Submission System (CSS)” ដោយកំណត់តំណភ្ជាប់ចូលទៅ កាន់គេហទំព័រ https://css-gdin.interior.gov.kh/home។
សាធារណជន អាចដាក់ពាក្យបណ្តឹងតវ៉ា និងបណ្តឹងបរិហារ ក្នុងប្រព័ន្ធទទួលពាក្យបណ្តឹងអនឡាញ តាមតំណរភ្ជាប់ខាងលើដោយបំពេញព័ត៌មានតាមទម្រង់ដែលបានកំណត់ក្នុងប្រព័ន្ធ ឬអាចទាញយកឯកសារ សម្រាប់បំពេញពាក្យបណ្តឹងតាមទម្រង់ជាក្រដាស និងធ្វើការទំនាក់ទំនងតាមលេខទូរសព្ទដែលមានក្នុងប្រព័ន្ធ ដើម្បីដាក់បណ្តឹងរបស់ខ្លួន។ ប្រព័ន្ធទទួលពាក្យបណ្តឹងអនឡាញ នឹងចាប់ផ្តើមដំណើរការចាប់ពីថ្ងៃទី..១៨..ខែ..កុម្ភៈ… ឆ្នាំ ២០២៦ តទៅ៕

ប្រភព៖ ក្រសួងព័ត៌មាន