ទីប្រឹក្សាអមស្ថានទូតជប៉ុនប្រចាំកម្ពុជា កោតសរសើររាជរដ្ឋាភិបាលកម្ពុជា ចំពោះការយកចិត្តទុកដាក់ចំពោះជនភៀសសឹក
យោងទភតាមការចុះផ្សាយពី ក្រសួងព័ត៌មាន កាលពីល្ងាចថ្ងៃទី ២៣ ខែមកុម្ភៈ ឆ្នាំ ២០២៦ បានឱ្យដឹងងថា ទីប្រឹក្សាអមស្ថានទូតជប៉ុនប្រចាំកម្ពុជា កោតសរសើររាជរដ្ឋាភិបាលកម្ពុជា ចំពោះការយកចិត្តទុកដាក់ចំពោះជនភៀសសឹក។ ចំពោះ «ការមកដល់ទីនេះដោយផ្ទាល់គឺជារឿងល្អសម្រាប់គ្រប់ប្រទេស ក្នុងនោះរួមទាំងប្រទេសជប៉ុនផងដែរ»។ នេះជាការលើកឡើងរបស់លោក Matsuda Junsaku ទីប្រឹក្សាអមស្ថានទូតជប៉ុន ប្រចាំនៅកម្ពុជា នារសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ បន្ទាប់ពីបានចុះទៅពិនិត្យស្ថានភាពជនភៀសសឹកនៅវត្តចាន់ស៊ី និងវត្តកណ្តោល នៃខេត្តបន្ទាយមានជ័យ។

លោកទីប្រឹក្សាបានបន្ថែមថា៖ «ពេលមកដល់ខ្ញុំមើលឃើញដោយផ្ទាល់ថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់យ៉ាងខ្លាំងដល់ជនភៀសសឹកនៅទីនេះ តាមរយៈការផ្តល់អាហារ និងការរៀបចំអនាម័យ នៅទីនេះបានយ៉ាងល្អ»។
ជាមួយគ្នានេះ លោកបានបន្ថែមថា៖ «ប្រទេសជប៉ុន បានផ្តល់ជំនួយជាបន្តបន្ទាប់ ទៅដល់ជនភៀសសឹក ហើយបន្ទាប់ពីបានមកពិនិត្យមើលស្ថានភាពនៅទីនេះ ខ្ញុំនឹងពិភាក្សាជាមួយស្ថានទូត ហើយស្ថានទូតនឹងរាយការណ៍ទៅកាន់ទីក្រុងតូក្យូ ដើម្បីសម្រេចថាជប៉ុននឹងអាចជួយអ្វីបន្ថែមទៀត ដើម្បីជួយគាំទ្រដល់ជនភៀសសឹកកម្ពុជា»។
លោកបានបញ្ជាក់ថា ជប៉ុនគាំទ្រសកម្មភាពការងាររបស់ ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ហើយជប៉ុននឹងបន្តពិភាក្សាជាមួយហ្វីលីពីន ដែលជាប្រធានអាស៊ាន និងប្រទេសជាសមាជិកអាស៊ានដទៃទៀត ដើម្បីបង្កើនប្រសិទ្ធភាពការងាររបស់ AOT ព្រោះជប៉ុនជឿថាក្រុមនេះ មានតួនាទីសំខាន់ណាស់ នៅក្នុងដំណោះស្រាយនៃបទឈប់បាញ់នេះ។
ជប៉ុន ក៏បញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការបន្តផ្តល់ជំនួយមនុស្សធម៌ដល់កម្ពុជា ហើយចំពោះបញ្ហានៃជម្លោះព្រំដែននេះ ជប៉ុននឹងបន្តពិភាក្សាជាមួយកម្ពុជា និងជាមួយថៃ ដើម្បីកាត់បន្ថយភាពតានតឹងនេះផងដែរ។
យោងតាមសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃ នៅមានប្រជាពលរដ្ឋប្រមាណជាង ៦ម៉ឺននាក់ទៀត កំពុងបន្តស្នាក់នៅជំរំភៀសសឹក គិតត្រឹមថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២៦។
សូមរម្លឹកថា កងកម្លាំងឈ្លានពានថៃ បាននិងកំពុងបង្កើតស្ថានភាពថ្មីនៅលើទីតាំងជាក់ស្តែង (fait accompli) តាមរយៈការរាយបន្លាលួស ដាក់ទូកុងតឺន័រ និងបំផ្លាញផ្ទះប្រជាពលរដ្ឋ បន្ទាប់ពីបទឈប់បាញ់កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ហើយរាជរដ្ឋាភិបាលកម្ពុជា បានតវ៉ាជាផ្លូវការតាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាបន្តបន្ទាប់ដោយប្រឆាំងដាច់ខាតនឹងសកម្មភាពទាំងនេះ ហើយកម្ពុជាមិនទទួលស្គាល់ដាច់ខាតការកែប្រែខ្សែបន្ទាត់ព្រំដែន ឬការកាន់កាប់ទឹកដីដោយខុសច្បាប់អន្តរជាតិ តាមរយៈការប្រើប្រាស់កម្លាំង៕

ប្រភព៖ ក្រសួងព័ត៌មាន