ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    កម្ពុជានាំចេញអង្ករជាង ២៤ម៉ឺនតោន រយៈពេល២ ខែដើមឆ្នាំ ២០២៦ ទទួលបានជាង ១៤២លានដុល្លារ

    BY soknita March 5, 2026
    កម្ពុជានាំចេញអង្ករជាង ២៤ម៉ឺនតោន រយៈពេល២ ខែដើមឆ្នាំ ២០២៦ ទទួលបានជាង ១៤២លានដុល្លារ

    (រាជធានីភ្នំពេញ)៖ តាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក នៅថ្ងៃទី ៥ ខែមីនា ឆ្នាំ ២០២៦ នេះ បានឱ្យដឹងថា ប្រទេសកម្ពុជានាំចេញអង្ករជាង ២៤ម៉ឺនតោន រយៈពេល២ខែដើមឆ្នាំ២០២៦ ទទួលបានជាង ១៤២លានដុល្លារ។ ក្នុងរយៈពេល២ខែ នៃឆ្នាំ២០២៦នេះ កម្ពុជាបាននាំចេញអង្ករបានចំនួន ២៤៧ ៨២២ តោនទៅកាន់ទីផ្សារអន្តរជាតិ ដោយទទួលបានទឹកប្រាក់ជាង ១៤២.៨៧ លានដុល្លារ។ នេះបើយោងតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា។

    ដោយឡែកការនាំចេញអង្ករ បានធ្វើឡើងតាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៥៥ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៥១ ដែលក្នុងនោះទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន ២៨ មានចំនួន ៦៤ ១៣៤ តោន គិតជាទឹកប្រាក់ចំនួន ៤៦.២២ លានដុល្លារ ទៅកាន់ប្រទេសចិន និងហុងកុង ចំនួន ៥១ ៣៨៤ តោន គិតជាទឹកប្រាក់ចំនួន ៣៦.៣១ លានដុល្លារ ទៅកាន់ប្រទេសក្នុងអាស៊ាន ចំនួន៥ ប្រទេសបានបរិមាណចំនួន ១១២ ១៤២ តោន គិតជាទឹកប្រាក់ចំនួន ៤១.៨៩ លានដុល្លារ និងទៅកាន់គោលដៅ ១៦ ប្រទេសផ្សេងទៀតមាន អាហ្វ្រិក មជ្ឈឹមបូព៌ា អាមេរិក កាណាដា អូស្ត្រាលី ញ៉ូហ្សេឡេន។ល។ បានចំនួន ២០ ១៦២ តោន គិតជាទឹកប្រាក់ចំនួន ១៨.៤៥ លានដុល្លារ។

    ចំពោះប្រភេទអង្ករដែលបាននាំចេញមាន អង្ករក្រអូបចំនួន ៥៩.១៦% ប្រភេទអង្ករសគ្រាប់វែង ០.០៦% អង្ករចំហុយ ១.១៨% អង្ករសរីរាង្គចំនួន ០.៧៤% អង្ករបាក់គ្រប់ប្រភេទ ២៧.៦៨% និងអង្ករផ្សេងៗចំនួន ១១.១៨%។ គួរបញ្ជាក់ថា ប្រទេសកម្ពុជាក៏បាននាំចេញស្រូវចំនួន ៨៧៣ ៨៨០ តោនស្រូវសើម ដែលគិតជាទឹកប្រាក់ប្រមាណចំនួន ១៩៦.៦២ លានដុល្លារផងដែរ៕

    ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក

    Share This Post: