ឯកឧត្ដមបណ្ឌិត កៅ ថាច ជំរុញការនាំចេញផ្លែធុរេន និងខ្នុរខ្មែរ ទៅកាន់មជ្ឈមណ្ឌលបោះដុំ កសិផលដ៏ធំនៅទីក្រុងហ៊ូណាន ប្រទេសចិន
(ទីក្រុងហ៊ូណាន)៖ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក នៅរសៀលថ្ងៃទី ៥ ខែមីនា ឆ្នាំ ២០២៦ នេះ បានឱ្យដឹងថា ឯកឧត្ដមបណ្ឌិត កៅ ថាច ជំរុញការនាំចេញផ្លែធុរេន និងខ្នុរខ្មែរ ទៅកាន់មជ្ឈមណ្ឌលបោះដុំ កសិផលដ៏ធំនៅទីក្រុងហ៊ូណាន ប្រទេសចិន។

ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានដឹកនាំសហការីបន្តដំណើរទស្សនកិច្ចសិក្សានៅ មជ្ឈមណ្ឌលផ្សារបោះដុំកសិផលសកលហុងស៊ីង (Hong Xing Global Agri-Wholesale) ដើម្បីស្វែងយល់ពីប្រព័ន្ធគ្រប់គ្រងទីផ្សារបោះដុំបន្លែ ផ្លែឈើស្រស់ និងផលិតផលកសិកម្មនានា។
ក្នុងដំណើរទស្សនកិច្ចដ៏មានសារៈសំខាន់នេះ ឯកឧត្ដមបណ្ឌិត កៅ ថាច បានផ្ដោតការយកចិត្តទុកដាក់ខ្ពស់លើការស្វែងរកច្រកចេញសម្រាប់ផ្លែឈើស្រស់របស់កម្ពុជា។ ជាមួយគ្នានោះ ឯកឧត្ដមបណ្ឌិត បានស្នើឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពក្នុងការនាំចូល ផ្លែធុរេន និងផ្លែខ្នុរ ពីកម្ពុជាបន្ថែមទៀត ដើម្បីដាក់លក់ក្នុងទីផ្សារបោះដុំដ៏ខ្នាតធំមួយនេះ។
លើសពីនេះ ឯកឧត្ដមបណ្ឌិត ក៏បានគោរពអញ្ជើញ និងស្នើឱ្យតំណាងក្រុមហ៊ុនមកធ្វើទស្សនកិច្ចសិក្សានៅប្រទេសកម្ពុជា ដើម្បី៖
– ផ្សារភ្ជាប់ទំនាក់ទំនងផ្ទាល់ជាមួយកសិករ និងអ្នកផលិតនៅកម្ពុជា។
– ពង្រឹងខ្សែចង្វាក់ផ្គត់ផ្គង់រវាងអ្នកលក់នៅកម្ពុជា និងអ្នកបញ្ជាទិញនៅប្រទេសចិន។
ជាការឆ្លើយតប តំណាងក្រុមហ៊ុនបានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះសំណើរបស់ឯកឧត្ដមបណ្ឌិត ហើយបានបញ្ជាក់ពីឆន្ទៈក្នុងការមកសិក្សាស្វែងយល់ ដើម្បីវិនិយោគលើវិស័យផ្លែឈើនៅកម្ពុជា ក្នុងគោលដៅនាំចេញទៅកាន់ទីផ្សារប្រទេសចិនឱ្យកាន់តែច្រើន។
គួររំលឹកផងដែរថា បច្ចុប្បន្នមជ្ឈមណ្ឌលបោះដុំកសិផលហុងស៊ីង កំពុងដំណើរការនាំចូលផលិតផលពីកម្ពុជារួចជាស្រេច រួមមាន៖ អង្ករ ផ្លែចេកស្រស់ និងផ្លែមៀនប៉ៃលិន ដែលកំពុងទទួលបានការគាំទ្រនៅលើទីផ្សារប្រទេសចិន៕









ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក