គណៈប្រតិភូអនុព័ន្ធយោធាបរទេស ប្រចាំកម្ពុជាចុះពិនិត្យជាក់ស្តែងនូវគ្រាប់សំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលបានបន្សល់ពីសកម្មភាពវាយប្រហាររបស់យោធាឈ្លានពានថៃ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅល្ងាចថ្ងៃទី ៥ ខែមីនា ឆ្នាំ ២០២៦ នេះ បានឱ្យដឹងថា គណៈប្រតិភូអនុព័ន្ធយោធាបរទេស ប្រចាំកម្ពុជាចុះពិនិត្យជាក់ស្តែងនូវគ្រាប់សំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលបានបន្សល់ពីសកម្មភាពវាយប្រហាររបស់យោធាឈ្លានពានថៃ។

គណៈប្រតិភូអនុព័ន្ធយោធាបរទេស ប្រចាំព្រះរាជាណាចក្រកម្ពុជា បានបន្តចុះត្រួតពិនិត្យស្ថានការណ៍ជាក់ស្តែងនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្រ្តខេត្តព្រះវិហារ។ នៅថ្ងៃទី ៥ ខែមីនា ឆ្នាំ ២០២៦ វេលាម៉ោង ១០:៣៥នាទីព្រឹក ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនគណៈប្រតិភូអនុព័ន្ធយោធាបរទេស ប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីត្រួតពិនិត្យជាក់ស្តែងនូវគ្រាប់សំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលបានបន្សល់ពីសកម្មភាពវាយប្រហាររបស់យោធាថៃមកលើកម្ពុជាកាលពីឆ្នាំ ២០២៥ កន្លងទៅ និងស្ថានការណ៍នៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជានិងថៃ ដែលបានចូលជាធរមានកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក្នុងភូមិសាស្រ្តខេត្តព្រះវិហារ។
មន្ត្រីមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានធ្វើបទបង្ហាញជូនគណៈប្រតិភូទាំង ១២ប្រទេស អំពីប្រភេទគ្រាប់សំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងប្រភេទគ្រាប់បានប្រើប្រាស់ មានចំនួនសរុប ១២២៣គ្រាប់ ត្រូវបានរកឃើញនៅក្នុងបរិវេណប្រាសាទព្រះវិហារ ដែលជាគ្រាប់របស់យោធាថៃបានប្រើប្រាស់ក្នុងអំឡុងពេលវាយប្រហារមកលើប្រាសាទព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ដែលជាមរតកវប្បធម៌ប្រវត្តិសាស្រ្តដ៏ថ្លៃថ្លារបស់ប្រជាជនខ្មែរ។
សូមគូសបញ្ជាក់បន្ថែមផងដែរថា សកម្មភាពបោសសម្អាតគ្រាប់សំណល់យុទ្ធភណ្ឌសង្គ្រាមរបស់មជ្ឈមណ្ឌលស៊ីម៉ាក់ (CMAC) ត្រូវបានអនុវត្តឡើងតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល និងបានកំណត់ថាជាកិច្ចការចាំបាច់អាទិភាព ក្នុងការធានាបាននូវសុវត្ថិភាពជូនប្រជាពលរដ្ឋ៕









ប្រភព៖ ក្រសួងព័ត៌មាន